បាល់ទាត់អន្តរជាតិ
Aleix Garcia សម្រេចចិត្តចូលរួមជាមួយក្លឹប Bayer Leverkusen

ក្លឹបម្ចាស់ជើងឯកអាឡឺម៉ង់ Bayer Leverkusen កំពុងខិតជិតដល់ការចុះហត្ថលេខាលើខ្សែបម្រើ Aleix Garcia របស់ក្លឹប Girona ហើយ (នេះបើយោងតាមរបាយការណ៍ពីលោក Fabrizio Romano)។ របាយការណ៍ដដែលនេះដែរបានអះអាងបន្ថែមទៀតថា កិច្ចចរចាពាក្យសម្ដីរវាងក្លឹប និងកីឡាករ ត្រូវបានព្រមព្រៀងរួចរាល់ផងដែរ។
យ៉ាងណាមិញ ការចុះហត្ថលេខាផ្ទេរកីឡាករវ័យ 26 ឆ្នាំរូបនេះដែរ Bayer Leverkusen នឹងចំណាយប្រាក់លើសពី 18 លានអឺរ៉ូទៅឲ្យ Girona។ ផ្សេងពីនេះដែរ Aleix Garcia គ្រោងនឹងទទួលការពិនិត្យសុខភាពនៅសប្តាហ៍នេះ ហើយប្រសិនបើអ្វីៗដំណើរការទៅដោយរលូន គាត់នឹងចុះកុងត្រាជាមួយក្លឹបថ្មី Bayer Leverkusen។
គួរដឹងផងដែរថា Aleix Garcia គឺជាកាពីតែនក្រុម និងជាកីឡាករដ៏សំខាន់ក្នុងការនាំ Girona ឲ្យដណ្ដើមបានកៅអី UEFA Champions League ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រក្លឹបកាលពីរដូវកាលមុន។ គាត់បានចូលរួមជាមួយក្លឹបដែលស្ថិតនៅក្នុងតំបន់កាតាឡាន់មួយនេះ តាំងពីឆ្នាំ 2021 មកម្ល៉េះ ដោយផ្ទេរពីក្លឹប Eibar ក្នុងនាមជាកីឡាករដែលគ្មានតម្លៃខ្លួន។
ប្រភព: Dailysports