Connect with us

បាល់ទាត់អន្តរជាតិ

Real Madrid ចាប់​អារម្មណ៍​លើ​ខ្សែការពារ​កណ្ដាល​របស់​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស Marc Guehi

Published

on

ក្លឹប​អធិរាជស Real Madrid ត្រូវ​បាន​គេ​អះអាង​ថា គឺ​ជា​ក្លឹប​មួយ​ក្នុង​ចំណោម​ក្លឹប​ធំៗ​នៅ​តំបន់​អឺរ៉ុប​ចំនួន 3 ដែល​ត្រៀម​ប្រជែង​គ្នា​ដើម្បី​ចុះ​ហត្ថលេខា​លើ​ខ្សែការពារ Marc Guehi របស់​ក្លឹប Crystal Palace។ បច្ចុប្បន្ន​ខ្សែ​ការពារ​កណ្ដាល​រូប​នេះ កំពុង​បំពេញ​កាតព្វ​កិច្ច​ដ៏​សំខាន់ ជាមួយ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​របស់​ខ្លួន​នៅ​ក្នុង​ព្រឹត្តិការណ៍ Euro 2024។

កាល​ពី​ដើម​ឆ្នាំ​នេះ ខ្សែការពារ Marc Guehi បាន​ចំណាយ​ពេល 3 ខែ​នៅ​ក្រៅ​ទីលាន​ដោយ​សារ​របួស ហើយ​ត្រូវ​បាន​គេ​គិត​ថា គាត់​នឹង​ខកខាន​មិន​បាន​លេង​ឲ្យ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​នៅ Euro 2024 ឡើយ។ ទោះ​ជា​យ៉ាង​ណា គាត់​បាន​បង្ហាញ​សមត្ថភាព​នៅ​ក្នុង​ការ​ប្រកួត​ចុង​ក្រោយ​របស់​ក្លឹប Crystal Palace ហើយ​ស្រប​ពេល​ជាមួយ​គ្នា​នោះ Harry Maguire បាន​រង​របួស ដែល​ធ្វើ​ឲ្យ​គាត់ទទួល​បាន​ឱកាស​ដ៏​ធំ ក្នុង​ការ​កោះហៅ​ពី​លោក Gareth Southgate។

មិន​ខុស​ពី​ការ​រំពឹង​ទុក Marc Guehi គឺ​ជា​កីឡាករ​ដែល​មាន​ទម្រង់​លេង​ដ៏​ល្អ​បំផុត​ម្នាក់​របស់​ប្រទេស​អង់គ្លេស ដោយ​គាត់​បាន​ចាប់ផ្តើម​ការ​ប្រកួត​តាំង​ពី​វគ្គ​ចែកពូល​រហូត​ដល់​វគ្គ 16 ក្រុម​ចុង​ក្រោយ។ ដោយ​ឡែក​គេ​បាន​រាយការណ៍​ថា ក្លឹប​បិសាចក្រហម Manchester United និង Liverpool មាន​ការ​ចាប់​អារម្មណ៍ និង​កោត​សរសើរ​ទម្រង់​លេង​របស់​កីឡាករ​ឆ្នើម​រូប​នេះ​ជា​ខ្លាំង ដោយ​ចង់​ចុះ​ហត្ថលេខា​លើ​គេ​នៅ​រដូវក្ដៅ​នេះ។

យ៉ាង​ណា យោងតាម​កាសែត The Sun បាន​អះអាង​ថា ពេលនេះ​មាន​បេក្ខភាព​ក្លឹប​ធំ​មួយ​ផ្សេង​ទៀត​គឺ Real Madrid កំពុង​គិត​ពី​ការ​ចង់​បាន Marc Guehi ដែរ។ គេ​បាន​ដឹង​ថា Real Madrid ចង់​នាំ​យក​កីឡាករ​វ័យ 23 ឆ្នាំ​រូប​នេះ មក​ជំនួស Nacho Fernandez ដែល​ទើប​ចាកចេញ​ទៅ​លេង​នៅ​លីគ​អារ៉ាប៊ីសាអូឌីត កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២