Connect with us

បាល់ទាត់អន្តរជាតិ

Chelsea ត្រៀម​ចរចា​ផ្ទេរ​ខ្សែបម្រើ​វ័យ​ក្មេង​មួយ​រូប​របស់​ក្លឹប Man City

Published

on

គ្រូ​បង្វឹក​របស់​ក្លឹប​តោខៀវ Chelsea លោក Enzo Maresca ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ចាប់​អារម្មណ៍​លើ​កីឡាករ​ម្នាក់​ដែល​គាត់​ធ្លាប់​ស្គាល់​ពេល​ធ្វើ​ការ​នៅ Manchester City។ យ៉ាង​ណា​មិញ សម្រាប់​កីឡាករ​ដែល​គ្រូ​បង្វឹក​រូប​នេះ​ចង់​នាំ​យក​ទៅ Stamford Bridge គឺ​ខ្សែបម្រើ James McAtee។

គិត​ចាប់​តាំង​ពី​បិទ​បញ្ចប់​រដូវកាល 2023-2024 ដល់​បច្ចុប្បន្ន តោខៀវ​បាន​ចុះ​ហត្ថលេខា​លើ​កីឡាករ​ចំណូល​ថ្មី​ចំនួន 3 នាក់​ហើយ ដែល​សុទ្ធតែ​ជា​កីឡាករ​វ័យ​ក្មេង​ដែល​មាន​ដូច​ជា Tosin Adarabioyo, Omari Kellyman និង Marc Guiu។ ដោយ​ឡែក Chelsea ក៏​កំពុង​ចរចា​ជាមួយ Kiernan Dewsbury-Hall របស់​ក្លឹប Leicester City ផង​ដែរ។

យោងតាម​សារព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​ថា Chelsea មាន​ចំណាប់​អារម្មណ៍​ក្នុង​ការ​ចរចា ដើម្បី​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ជាមួយ James McAtee។ កីឡាករ​វ័យ 21 ឆ្នាំ​រូបនេះ ​ជា​កីឡាករ​ដែល​ប្រសូត្រ​ចេញ​ពី​ថ្នាល​យុវជន​របស់​ក្លឹប Man City និង​ធ្លាប់​បាន​បង្ហាញ​ខ្លួន​ជាមួយ​ក្រុម​ឈុត​ធំ​របស់​ក្លឹប​សរុប​ចំនួន 6 ដង មុន​ពេល​ខ្ចី​ជើង​ទៅ Sheffield United នៅ​ឆ្នាំ 2022។

James McAtee បាន​ស៊ុតបាល់​បញ្ចូលទី​ចំនួន 3 គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន​ចំនួន 3 ដង ក្នុង​ការ​បង្ហាញ​ខ្លួន​សរុប​ចំនួន 30 ប្រកួត ក្នុង​ក្របខ័ណ្ឌ Premier League ជាមួយ​នឹង Sheffield United កាល​ពី​រដូវកាល​មុន (2023-2024) ប៉ុន្តែ​កីឡាករ​សញ្ជាតិ​អង់គ្លេស​រូប​នេះ នឹង​ត្រូវ​ត្រឡប់​មក Man City វិញ​នា​រដូវកាល​ក្រោយ ព្រោះ​បាន​ចប់​លក្ខខណ្ឌ​ខ្ចី​ជើង។

ទោះ​បី​ជា​គាត់​នៅ​សល់​កុងត្រា​រយៈពេល 2 ឆ្នាំ​ទៀត​ក៏ដោយ ប៉ុន្តែ​គេ​ហាក់​មើល​ឃើញ​ថា Man City នឹង​ស្វែងរក​ការ​លក់ James McAtee នៅ​មុន​រដូវកាល​ថ្មី​ចាប់​ផ្ដើម ព្រោះ​កៅអី​នៃ​ការ​លេង​ក្នុង​តំណែង​ជា​ខ្សែ​បម្រើ​របស់ Man City បច្ចុប្បន្ន ពិត​ជា​ចង្អៀត​ខ្លាំង ខណៈ​ដែល​ពួក​គេ​មាន​ខ្សែបម្រើ​ឆ្នើមៗ​ជា​ច្រើន។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២