Connect with us

បាល់ទាត់អន្តរជាតិ

តើ​អ្នក​ដឹង​ទេ ហេតុ​អ្វី​បាន​ជា​ប្រជាជន​ប្រេស៊ីល​ចូល​ចិត្ត​បាល់ទាត់? ហើយ​អ្វី​ទៅ​ជា​សាំបា​ប្រេស៊ីល?

Published

on

ជា​ដំបូង​ឡើយ យើង​សូម​និយាយ​ទុក​ជា​មុន​ថា មិន​មែន​ប្រ​ជាជន​ប្រេស៊ីល​ទាំងអស់ សុទ្ធ​តែ​ចូល​ចិត្ត​បាល់ទាត់​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​យើង​នឹង​និយាយ​ពេល​នេះ គឺ​ជា​ចំណូល​ចិត្ត​ទូទៅ​ភាគច្រើន​នៅ​ក្នុង​ប្រទេស​ប្រេស៊ីល និង​ចំណូល​ចិត្ត​នៃ​ប្រជាជន​របស់​ពួក​គេ។

ប្រជាជន​ប្រេស៊ីល ចូល​ចិត្ត​របស់​បី​យ៉ាង​សំខាន់ៗ​គឺ៖ បាល់ទាត់, ស្រាបៀរ និង​ពិធី​បុណ្យ​ដ៏​សប្បាយ​រីករាយ​ដែល​ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា Carnival (នេះ​បើយោង​តាម​ការ​ស្រាវជ្រាវ​នៅ​ឆ្នាំ 2012)។

ទោះ​បី​ជាបាល់ទាត់​មិន​មែន​កកើត​ដំបូង​នៅ​ក្នុង​ប្រទេស​ប្រេស៊ីល​ក៏​ដោយ ប៉ុន្តែ​វា​ជា​កីឡា​ដ៏​ពេញ​និយម​បំផុត​នៅ​ក្នុង​ប្រទេស​នេះ ហើយ​ប្រជាជន​នៃ​ប្រទេស​ប្រេស៊ីល​តែងតែ​ហៅ​ខ្លួន​ឯង​ថា ជា “ប្រទេស​នៃ​បាល់ទាត់”។

ប្រេស៊ីល គឺ​ជា​ប្រទេស​ដែលធ្វើ​ឲ្យ​ព្រឹត្តិការណ៍ World Cup មាន​ភាព​លេចធ្លោរ​ និង​អស្ចារ្យ​បំផុត។ ពួក​គេ​ក៏​ជា​ប្រទេស​តែមួយ​គត់​ដែល​ធ្លាប់​បាន​ឈ្នះ​ពាន World Cup ប្រាំ​ដង ដែល​ច្រើន​ជាង​ប្រទេស​ណាៗ​ទាំង​អស់​នៅ​ក្នុង​ពិភពលោក​នេះ។ ក្រៅ​ពី​នេះ Pele ដែល​ជា​វីរបុរស​បាល់ទាត់​របស់​ពួកគេ ត្រូវ​បាន​មនុស្ស​ភាគ​ច្រើន​ចាត់​ទុក​ថា ជា​កីឡាករ​បាល់ទាត់​​ដ៏​ល្អ​បំផុត​គ្មាន​អ្នក​ដូច ដោយ​គាត់​ធ្លាប់​ឈ្នះពាន World Cup រហូត​ដល់​ទៅ 3 ដង។ កំណត់​ត្រា​នេះ ប្រហែល​ជា​រាប់​សិប​ឆ្នាំ​ទៅ​មុខ​ទៀត ក៏​ប្រហែល​ជា​មិន​ទាន់​មាន​កីឡាករ​ណា​បំបែកបាន​ដែរ។

អ្វី​ទៅ​ជា​សាំបា? សាំបា គឺ​ជា​ប្រភេទ​តន្ត្រី​ដែល​មាន​ដើម​កំណើត​នៅ​ក្នុង​សហគមន៍ Afro-Brazilian នៃ​ទីក្រុង Rio de Janeiro នៅ​ដើម​សតវត្សទី 20 ហើយ​សេចក្តី​ស្រឡាញ់​ដែល​ប្រជាជន​ប្រេស៊ីល​មាន​ចំពោះ​សាំបា គឺ​ធំធេង​ណាស់។

សាំបា​ជា​ការ​រាំ ដែល​វា​នាំ​មក​នូវ​ភាព​រីករាយ​នៅ​ពេល​អ្នក​សម្រាក និង​ជួយ​អបអរ​ពេល​វេលា​ដ៏​អស្ចារ្យ ហើយ​ជួយ​ឲ្យ​អ្នក​គេច​ចេញ​ពី​ភាព​សោកសៅ​ផង​ដែរ។ ការ​រាំ​សាំបា​នេះ មាន​សារៈសំខាន់​ណាស់ ដែល​ពួក​គេ​ត្រូវ​យក​វា​មក​បង្ហាញ​​នៅ​ក្នុង​ពិធី​បុណ្យ Carnaval។ លើស​ពី​នេះ​ទៀត ការ​អបអរសាទរ​ចំពោះ​ក្រុម​បាល់ទាត់​នៅ​តាមសា​លា ក៏​មាន​ការ​រាំរបាំ​សាំបា​ដែរ។

សម្រាប់​ស្រាបៀរ ក៏​ជា​ចំណូល​ចិត្ត​មួយ​របស់​ប្រជាជន​ប្រេស៊ីល​ដែរ។ ពួក​គេ​និយាយ​ថា ស្រាបៀរ​ត្រជាក់ៗ​មួយ​កែវ ជា​របស់​ដែល​នាំ​មនុស្ស​មក​ជួប​ជុំគ្នា ប៉ុន្តែ​មិន​មែន​ជា​ការ​​សេព​គ្រឿង​ស្រវឹង ​ដើម្បី​បន្ធូរ​អារម្មណ៍​តាន​តឹង​នោះ​ទេ។ ការ​ផឹក​ស្រា​បៀរ​ជា​មធ្យោបាយ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​មនុស្ស ចូល​ក្នុង​សង្គម និង​បង្កើត​​មិត្តភ័ក្តិ។

ប្រភព: Caminhoslanguages

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២