បាល់ទាត់អន្តរជាតិ
Wayne Rooney រិះគន់យ៉ាងចាស់ដៃទៅលើអត្តចរិកអំនួតរបស់ Kylian Mbappe

បច្ចុប្បន្ននេះតារាឆ្នើមវ័យ 23 ឆ្នាំ Kylian Mbappe របស់ក្លឹប PSG ត្រូវបានមជ្ឈដ្ឋានបាល់ទាត់មើលឃើញថា គាត់បានក្លាយជាកីឡាករល្អបំផុតមួយរូបនៅក្នុងពិភពលោក ប៉ុន្តែការប៉ះទង្គិចជាមួយមិត្តរួមក្រុម Lionel Messi និង Neymar Jr បានធ្វើឲ្យមានការរិះគន់ជាច្រើនទៅលើអាកប្បកិរិយារបស់គាត់។
ក្នុងកំឡុងពេល PSG ប្រកួតឈ្នះក្រុម Montpellier កាលពីពេលថ្មីៗនេះ កីឡាករសញ្ជាតិបារាំង Kylian Mbappe បានប្រកែកដណ្ដើមគ្នាជាមួយ Neymar ដើម្បីយកបាល់ប៉េណាល់ទី។ Mbappe បានដើរទៅរក Neymar ហើយក្នុងខណៈពេលនោះ គាត់បានយកស្មាទៅបុក Messi ដែលវាជាចេតនាយ៉ាងច្បាស់។
មានមនុស្សជាច្រើនមើលឃើញថា Mbappe កំពុងមានអំនួតលើខ្លួនឯង និងចាត់ទុកខ្លួនគាត់ធំជាងក្លឹប។ ដូចគ្នានេះដែរ អតីតខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Manchester United គឺកីឡាករ Wayne Rooney ដែលបច្ចុប្បន្នជាគ្រូបង្វឹករបស់ក្លឹប DC United នៅ MLS បានបញ្ចេញមតិរិះគន់យ៉ាងចាស់ដៃទៅលើ Mbappe និងអាកប្បកិរិយារបស់គាត់។
Wayne Rooney បានប្រាប់ទៅ Depar Sports ថា៖ “ខ្ញុំមិនដែលឃើញអ្នកណា អត្មានិយមខ្លាំងជាងនេះទេក្នុងជីវិតរបស់ខ្ញុំ។ គួរតែមាននរណាម្នាក់រំលឹក Mbappe ថា នៅពេលដែល Messi មានអាយុ 23 ឆ្នាំ គាត់បានឈ្នះ Ballon d’Ors ចំនួន 4 ដងរួចហើយ។
ពាក្យសម្ដីរបស់ Rooney បានធ្វើឲ្យមានព្យុះភ្លៀងជាខ្លាំងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយអ្នកប្រើប្រាស់ភាគច្រើនបានយល់ស្របថា អាកប្បកិរិយារបស់ Mbappe ចំពោះ Messi គឺឈ្លើយ និងមិនមានការគោរពចំពោះរៀមច្បង ក៏ដូចជាការគោរពចំពោះកីឡាករឆ្នើមរបស់ពិភពលោក។
ប្រភព: Marca