បាល់ទាត់អន្តរជាតិ
Barcelona មិនចង់បាន Diogo Dalot ឡើយ ហើយកំពុងចរចាផ្ទេរ Juan Foyth

យោងតាមរបាយការណ៍ពីលោក Fabrizio Romano បានឲ្យដឹងថា ក្លឹបអ្នកមានបុណ្យ Barcelona មិនស្ថិតក្នុងស្ថានភាពកំពុងពិភាក្សាជាមួយក្លឹបបិសាចក្រហម Manchester United សម្រាប់ការផ្ទេរខ្សែការពារស្ដាំ Diogo Dalot ដូចពាក្យចចាមអារ៉ាមឡើយ។
ដូចគ្នានេះដែរ ខ្សែការពារសញ្ជាតិអាហ្សង់ទីន Juan Foyth កំពុងស្ថិតក្នុងជម្រើសដ៏សំខាន់មួយដែលក្លឹប Barcelona ចង់បាន ហើយពួកគេកំពុងមានការចរចានៅដំណាក់កាលដំបូងជាមួយ Villarreal ផងដែរ។ ក្លឹបទាំងពីរនឹងត្រូវចំណាយពេលវេលាមួយចំនួន ដើម្បីឈានដល់កិច្ចព្រមព្រៀងលើ Juan Foyth។
ខ្សែការពារស្ដាំវ័យ 24 ឆ្នាំ Juan Foyth កំពុងមានទម្រង់លេងដ៏គួរឲ្យចាប់អារម្មណ៍ ខណៈដែលកាលពីរដូវកាលមុន កីឡាកររូបនេះបានក្លាយជាចំណែកមួយដ៏សំខាន់ ក្នុងការជួយ Villarreal ឲ្យឡើងដល់វគ្គ 4 ក្រុមចុងក្រោយនៃការប្រកួតក្របខណ្ឌ UEFA Champions League។
Juan Foyth គឺជាអតីតកីឡាកររបស់ក្លឹប Tottenham Hotspur ដែល Villarreal បានទិញផ្ដាច់កុងត្រាកាលពីរដូវកាលមុន។ បច្ចុប្បន្នគាត់នៅមានកុងត្រាជាមួយ Villarreal រហូតដល់ឆ្នាំ 2026។ ក្លឹប Villarreal ចង់បានតម្លៃផ្ទេរប្រហែលជា 42 លានអឺរ៉ូ ដែលវាជាបញ្ហាមួយសម្រាប់ Barcelona ហើយពួកគេនឹងព្យាយាមចរចាឲ្យបានតម្លៃកាន់តែទាបតាមដែលអាចធ្វើបាន។
ប្រភព: Barcablaugranes