បាល់ទាត់អន្តរជាតិ
Carragher អះអាងថា Maguire នឹងមិនមានឱកាសកែប្រែស្ថានភាពរបស់ខ្លួនឲ្យប្រសើរជាងនេះឡើយ

អតីតខ្សែការពាររបស់ក្រុមហង្សក្រហម Liverpool លោក Jamie Carragher បានអះអាងថា គ្រប់យ៉ាងបានយឺតពេលទៅហើយសម្រាប់ខ្សែការពារ Harry Maguire ក្នុងការសង្គ្រោះខ្លួនឯងឲ្យល្អប្រឡើងនៅក្លឹបបិសាចក្រហម Manchester United។
យោងទៅតាម Carragher គាត់បានប្រៀបប្រដូច Maguire ដែលមើលទៅដូចជាកូនទន្សាយដែលផ្អើលៗអញ្ចឹង។ ខ្សែការពាររូបនេះបានបាត់បង់ទំនុកចិត្តស្ទើរតែទាំងស្រុងនៅ Old Trafford ហើយគ្រប់យ៉ាងហាក់ដូចជាថ្មីក្នុងអាជីពរបស់គាត់។
ជាមួយគ្នានេះដែរ កីឡាករវ័យ 29 ឆ្នាំរូបនេះត្រូវបានអ្នកគាំទ្រអង់គ្លេសសើចចំអកនៅកីឡដ្ឋាន Wembley នៅពេលដែលឈ្មោះរបស់គាត់ត្រូវបានគេអានមុនការប្រកួត Nations League កាលពីយប់ថ្ងៃចន្ទជាមួយនឹងការប្រកួតដែលប៉ះនឹងអាឡឺម៉ង់។
មិនតែប៉ុណ្ណោះ នៅក្នុងការប្រកួតសម្រាប់ក្រុមជម្រើសជាតិអាឡឺម៉ង់ជួបជាមួយអង់គ្លេសនោះ Harry Maguire បានបង្ករកំហុសឲ្យមានបាល់ពិន័យ 11 ម៉ែត្រដែលជាគ្រាប់បើកឆាក និងបានបញ្ជូនបាល់ខុសសម្រាប់គ្រាប់បាល់ទីពីររបស់អាឡឺម៉ង់ផងដែរ។
ពាក់ព័ន្ធនឹងខ្សែការពាររូបនេះដែរ Carragher បានបញ្ចេញយោបល់ថា៖ “មើលទៅ Maguire ហាក់ដូចជាទម្ងន់របស់ពិភពលោកនៅលើស្មារបស់គាត់។ គាត់ដូចជាទន្សាយដែលផ្អើល និងមិនដូចជាខ្សែការពារកណ្តាលដែលពោរពេញដោយអំណាចឡើយ។ ខ្ញុំគិតថាវាយឺតពេលទៅហើយនៅក្លឹប។… គាត់កំពុងស្ថិតក្នុងរដូវកាលចុងក្រោយរបស់គាត់នៅ Old Trafford ហើយគ្រប់យ៉ាងហាក់ដូចជាចាប់ផ្ដើមពីចំណុចសូន្យឡើងមកវិញ”។
ប្រភព: Dailypost NG