បាល់ទាត់អន្តរជាតិ
Lionel Messi មិនអើពើនឹងការព្យាយាមទាក់ទងពីប្រធានក្លឹប Barcelona ឡើយ

ខ្សែប្រយុទ្ធឆ្នើម Lionel Messi របស់ក្លឹប Paris Saint-Germain ត្រូវបានគេរាយការណ៍មកថា មិនអើពើនឹងការទាក់ទងតាមទូរស័ព្ទពីអតីតក្លឹបចាស់ Barcelona ឡើយ ខណៈដែលកីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះត្រូវបានគេគិតថា នឹងស្នាក់នៅទឹកដីបារាំងបន្តទៀត។
យ៉ាងណាមិញកីឡាករវ័យ 35 ឆ្នាំរូបនេះអាចចាកចេញពីក្លឹបម្ចាស់ជើងឯកបារាំង ក្នុងនាមជាកីឡាករដែលគ្មានតម្លៃខ្លួននៅចុងបញ្ចប់នៃរដូវកាលនេះ ព្រោះ Lionel Messi បានចុះហត្ថលេខាលើកុងត្រារយៈពេលត្រឹមតែ 2 ឆ្នាំទៀតប៉ុណ្ណោះ នៅពេលគាត់ចាកចេញពីទឹកដី Camp Nou កាលពីឆ្នាំ 2021។
Messi ដំបូងឡើយគាត់ហាក់ដូចជាពិបាកក្នុងការសម្របខ្លួនទៅនឹងជីវិតថ្មីនៅទីក្រុងប៉ារីស ប៉ុន្តែគាត់បានចាប់ផ្តើមនូវទម្រង់លេងដ៏ល្អឡើងវិញក្នុងរដូវកាលថ្មីឆ្នាំ 2022-23 ដោយស៊ុតបញ្ចូលទីបាន 12 គ្រាប់ និង Assists 13 ដង ក្នុងការបង្ហាញខ្លួន 17 ប្រកួតគ្រប់ព្រឹត្តិការណ៍ទាំងអស់របស់ក្លឹប។
ជាមួយគ្នានេះដែរ PSG មានជម្រើសក្នុងការបន្តកុងត្រាជាមួយ Lionel Messi រហូតដល់រដូវក្តៅឆ្នាំ 2024 ហើយក្លឹបយក្សនៅ Ligue 1 ត្រូវបានគេគិតថា ត្រៀមនឹងផ្តល់ជូននូវកុងត្រាថ្មីដល់តារាឆ្នើមសញ្ជាតិអាហ្សង់ទីនរូបនេះ។
ដោយឡែកប្រធានក្លឹប Barcelona លោក Joan Laporta បាននិយាយជាញឹកញាប់អំពីបំណងប្រាថ្នារបស់គាត់ក្នុងការនាំយក Messi ត្រឡប់ទៅ Camp Nou វិញ ខណៈដែលទីប្រឹក្សាផ្នែកហិរញ្ញវត្ថុរបស់ក្លឹបលោក Mateu Alemany បានអះអាងថា Barcelona នឹងលទ្ធភាពគ្រប់គ្រាន់លើផ្នែកហិរញ្ញវត្ថុ។
ទោះជាយ៉ាងណាក៏ដោយរបាយការណ៍ចុងក្រោយមួយពី Sport បានអះអាងថា Lionel Messi បានច្រានចោលមិនឆ្លើយតបនឹងការព្យាយាមទាក់ទងពីលោក Joan Laporta ឡើយ ហើយគាត់ហាក់ដូចជាមិនមានចំណាប់អារម្មណ៍ក្នុងការវិលត្រឡប់ទៅក្លឹបចាស់របស់ខ្លួនវិញនោះទេ និងមើលទៅដូចជាគាត់នៅមានការខកចិត្តនៅឡើយ ចាប់តាំងពីពេលដែល Barcelona បានឲ្យគាត់ចាកចេញដោយមិនបានត្រៀមខ្លួនជាមុន កាលពីឆ្នាំ 2021។
ខ្សែប្រយុទ្ធ Lionel Messi នឹងមិនធ្វើការសម្រេចចិត្តណាមួយអំពីអនាគតរបស់ខ្លួននៅពេលនេះទេ ហើយគ្រប់យ៉ាងនឹងពន្យាពេលរហូតដល់ក្រោយការប្រកួតបាល់ទាត់ពិភពលោក World Cup 2022។
ប្រភព: Sportsmole