បាល់ទាត់អន្តរជាតិ
ក្លឹបធំៗចំនួន 6 នៅ Premier League កំពុងចាប់អារម្មណ៍ខ្លាំងលើ Milan Skriniar

ខ្សែការពារ Milan Skriniar របស់ក្លឹប Inter Milan កំពុងត្រូវបានគេមើលឃើញថា គឺជាកីឡាករដ៏ឆ្នើមម្នាក់របស់ពិភពលោកនាពេលបច្ចុប្បន្ន។ កីឡាករដែលមានដើមកំណើតចេញពីប្រទេសស្លូវ៉ាគីរូបនេះ ជាអតីតកីឡាកររបស់ក្លឹប Sampdoria ហើយបានផ្ទេរទៅកាន់ Inter Milan កាលពីឆ្នាំ 2017 ជាមួយនឹងតម្លៃខ្លួនប្រហែល 30 លានផោន។
យ៉ាងណាមិញថ្មីៗនេះ មានក្លឹបធំៗជាច្រើននៅ Premier League ដូចជា៖ Manchester City, Manchester United, Liverpool, Arsenal, Chelsea និង Tottenham Hotspur ត្រូវបានគេរាយការណ៍ថា សុទ្ធតែជាក្លឹបដែលកំពុងតាមដានស្ថានការណ៍កុងត្រារបស់ Milan Skriniar នៅ Inter Milan និងចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើតារាឆ្នើមរូបនេះ។
កុងត្រាបច្ចុប្បន្នរបស់កីឡាករវ័យ 27 ឆ្នាំរូបនេះនៅ San Siro នឹងត្រូវផុតកំណត់នៅខែមិថុនា ឆ្នាំក្រោយ ដែលមានន័យថា Milan Skriniar នឹងមានសេរីភាពក្នុងការពិភាក្សាជាមួយក្លឹបថ្មីក្នុងខែមករាខាងមុខនេះបាន ប្រសិនបើគាត់មានបំណងចាកចេញពីទឹកដីអ៊ីតាលី។
ទន្ទឹមនឹងនេះដែរនាយកប្រតិបត្តិរបស់ក្លឹប Inter Milan លោក Giuseppe Marotta ក៏បាននិយាយថា លោកមានសង្ឃឹមខ្លាំង ក្នុងការបន្តកុងត្រាថ្មីជាមួយ Milan Skriniar ដើម្បីឲ្យខ្សែការពាររូបនេះបន្តជាជីពនៅ San Siro បន្តទៀត។
ប្រភព: Sportsmole