បាល់ទាត់អន្តរជាតិ
មិនលាក់បាំង!!! ប្រធានក្លឹប PSG ប្រាប់ពីបំណងចង់ចុះហត្ថលេខាលើ Jude Bellingham

ថ្មីៗនេះប្រធានក្លឹប Paris Saint-Germain លោក Nasser Al-Khelaifi បានបញ្ជាក់ថា គាត់ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែបម្រើ Jude Bellingham របស់ក្លឹប Borussia Dortmund។
យ៉ាងណាមិញកីឡាករវ័យ 19 ឆ្នាំរូបនេះត្រូវបានគេឃើញថា នឹងមានអនាគតក្លាយជាកីឡាករដ៏អស្ចារ្យម្នាក់នៅក្នុងពិភពបាល់ទាត់ ហើយទម្រង់លេងកាន់តែល្អពីមួយប្រកួតទៅមួយប្រកួតរបស់គាត់ បានទាក់ទាញចំណាប់អារម្មណ៍របស់ក្លឹបធំៗជាច្រើនផងដែរ។
ចាប់តាំងពីបានមកដល់ Borussia Dortmund ដោយផ្ទេរពីក្លឹប Birmingham City កាលពីឆ្នាំ 2020 ខ្សែបម្រើឆ្នើម Jude Bellingham បានស៊ុតបញ្ចូលទី 19 គ្រាប់ និង 22 Assists ក្នុងការបង្ហាញខ្លួនសរុប 112 ប្រកួត នៅគ្រប់ព្រឹត្តិការណ៍ទាំងអស់របស់ក្លឹប។
នៅពេលត្រូវបានសួរក្នុងបទសម្ភាសន៍ជាមួយ Sky Sports News លោក Al-Khelaifi ត្រូវបានគេសួរថា តើក្លឹប PSG របស់លោកកំពុងស្វែងរកឱកាសក្នុងការចុះហត្ថលេខាលើ Jude Bellingham រឺយ៉ាងណា? ពេលនោះលោក Al-Khelaifi បាននិយាយថា៖ “គ្រប់គ្នាចង់បានគាត់, ខ្ញុំនឹងមិនលាក់បាំងវាទេ។ គាត់នៅក្លឹបរបស់គាត់ ហើយយើងត្រូវតែមានការគោរព ដូច្នេះប្រសិនបើយើងចង់និយាយជាមួយគាត់ យើងនឹងនិយាយជាមួយក្លឹបរបស់គាត់ជាមុនសិន”។
Al-Khelaifi បានបន្ថែមទៀតថា “Jude Bellingham ជាកីឡាករម្នាក់ដ៏អស្ចារ្យ។ អង់គ្លេសមានសំណាងដែលមានគាត់ និយាយដោយស្មោះត្រង់ គាត់ជាកីឡាករល្អបំផុតម្នាក់ក្នុងព្រឹត្តិការណ៍នៃការប្រកួតបាល់ទាត់ពិភពលោក។ អ្វីដែលកាន់តែល្អទៀតនោះ ថ្វីត្បិតតែការប្រកួតបាល់ទាត់ពិភពលោក គឺជាលើកដំបូងរបស់គាត់, តែគាត់លេងដោយស្ងប់ស្ងាត់ និងពោរពេញដោយទំនុកចិត្តបំផុត”។
ប្រភព: Sportsmole