Connect with us

បាល់ទាត់អន្តរជាតិ

Achraf Hakimi កំពុង​ជាប់​ការ​ចោទប្រកាន់​ពី​បទ​​រំលោភ​សេពសន្ថវៈ​លើ​នារី​ម្នាក់

Published

on

ខ្សែ​ការពារ​របស់​ក្លឹប​យក្ស​បារាំង Paris Saint-Germain និង​ជា​កីឡាករ​របស់​ក្រុម​ជម្រើស​ជាតិ​ម៉ារ៉ុក Achraf Hakimi កំពុង​ត្រូវ​បាន​ស៊ើបអង្កេត​ពី​បទ​រំលោភ​សេពសន្ថវៈ​ដោយ​រដ្ឋអាជ្ញា​បារាំង បន្ទាប់​ពី​មាន​ការ​ចោទ​ប្រកាន់​ពី​ស្ត្រី​ម្នាក់ ដែល​អះអាង​ថា កីឡាករ​រូប​នេះ​បាន​ប្រព្រឹត្ត​អំពើ​មិន​គប្បី​មក​លើ​នាង។

Achraf Hakimi ត្រូវ​បាន​នារី​វ័យ 23 ឆ្នាំ​ម្នាក់​ចោទ​ថា​បាន​រំលោភ​នាង ប៉ុន្តែ​ក្នុង​អំឡុង​ពេល​ចោទ​ប្រកាន់​នោះ ខ្សែការពារ​រូប​នេះ​កំពុង​ត្រៀម​ខ្លួន​ចូល​រួម​ពិធី​ប្រគល់​ពានរង្វាន់ FIFA’s The Best Awards 2022 កាល​ពី​យប់​ថ្ងៃច័ន្ទ​កន្លង​ទៅ (នេះ​បើ​យោង​តាម​របាយការណ៍​ពី Le Parisien)។

ដំណើរ​ដើម​ទង​នៃ​ឧប្បត្តិហេតុ​នេះ​ត្រូវ​គេ​បង្ហាញ​ឲ្យ​ដឹង​ថា បាន​កើត​ឡើង​កាល​ពី​ថ្ងៃសៅរ៍ នៅពេល​ដែល PSG ប្រកួត​ជាមួយ Marseille ហើយ Achraf Hakimi មិន​បាន​ចូល​រួម​ក្នុង​ការ​ប្រកួត​នោះ​ទេ ព្រោះ​មាន​បញ្ហាញ​របួស។ ខ្សែការពារ​រូប​នេះ​បាន​ហៅ Uber ជិះ​ទៅ​កាន់​ផ្ទះ​របស់​នារី​រងគ្រោះ ដែល​ខ្លួន​ធ្លាប់​បាន​ទាក់ទង​គ្នា​នៅ​លើ Instagram អស់​រយៈពេល​ជាង​មួយ​ខែ​មក​ហើយ។

ពេល​ដែល​នៅ​ទីនោះ Achraf Hakimi ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា បាន​ថើប និង​លូកលាន់​លើ​កេរ្តិ៍ខ្មាស់ ដោយ​មិន​មាន​ការ​យល់​ព្រម​ពី​នាង ប៉ុន្តែ​ពេល​នោះ​នាង​អាច​រំដោះ​ខ្លួន​ចេញ​បាន ដោយ​រុញ​គាត់​ចេញ។ បន្ទាប់​មក ស្ត្រី​រូប​នោះ​បាន​ផ្ញើសារ​ទៅ​មិត្តភ័ក្តិ​ឲ្យ​មក​ទទួល​យក​នាង និង​បាន​ទៅ​ប៉ុស្តិ៍ប៉ូលីស​នៅ​ថ្ងៃ​បន្ទាប់។

យ៉ាង​ណា​ពេល​នេះ PSG មិន​បាន​បញ្ចេញ​សេចក្តី​ថ្លែង​ការណ៍​ណា​មួយ​លើ​ការ​ចោទ​ប្រកាន់​នេះ​ទេ ខណៈ​ដែល Hakimi ក៏​មិន​បាន​និយាយ​ជា​សាធារណៈ​ចំពោះ​ហេតុការណ៍​នេះ​ដែរ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២