បាល់ទាត់អន្តរជាតិ
Man City ដាក់គោលដៅលើ Hakimi ប្រសិនបើ Kyle Walker ចាកចេញ

របាយការណ៍ចុងក្រោយមួយបានឲ្យដឹងថា គ្រូបង្វឹករបស់ក្លឹបមេឃខៀវ Manchester City លោក Pep Guardiola ត្រូវបានគេរាយការណ៍ថា កំពុងដាក់គោលដៅនៃការចង់បានរបស់ខ្លួនលើ Achraf Hakimi របស់ក្លឹប Paris Saint-Germain ប្រសិនបើ Kyle Walker សម្រេចចិត្តចាកចេញពីក្លឹប។
ដោយបានប្រើប្រាស់ John Stones ក្នុងតួនាទីខុសពីជំនាញពិតប្រាកដដែលជាខ្សែការពារកណ្ដាល នៃរដូវកាល 2022-2023 លោក Pep Guardiola បានសារភាពថា Kyle Walker មិនអាចលេង នៅក្នុងប្រព័ន្ធទម្រង់លេងរបស់គាត់បានឡើយ ហើយក៏ធ្វើឲ្យមានការសង្ស័យអំពីអនាគតរបស់កីឡាករសញ្ជាតិអង់គ្លេសរូបនេះនៅ Etihad Stadium ផងដែរ។
កីឡាករវ័យ 33 ឆ្នាំរូបនេះ ខកខានមិនបានស៊ុតបញ្ចូលទី រឺ Assist អ្វីឡើយក្នុងក្របខ័ណ្ឌ Premier League កាលពីរដូវកាលមុន។ គាត់នៅមានកុងត្រាជាមួយក្លឹបបច្ចុប្បន្នរហូតដល់ឆ្នាំ 2024 ប៉ុន្តែថ្មីៗនេះ Kyle Walker ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរទៅកាន់ក្លឹបយក្សអាឡឺម៉ង់ Bayern Munich។
ពេលនេះ Man City កំពុងស្វែងរកបេក្ខភាពថ្មីដើម្បីមកជំនួស Kyle Walker ស្របពេលដែលរបាយការណ៍ជាច្រើនបានអះអាងថា អតីតកីឡាកររបស់ Tottenham Hotspur រូបនេះ បានត្រៀមខ្លួនជាស្រេចទៅហើយ ក្នុងការចាកចេញទៅទឹកដីអាឡឺម៉ង់។ ដោយឡែកកាសែត Marca បានរាយការណ៍ថា Hakimi គឺជាជម្រើសទី 1 របស់លោក Pep Guardiola ដើម្បីមកជំនួសកន្លែងលេងរបស់ Kyle Walker។ ទាំងគុណភាព និងល្បឿនរបស់ខ្សែការពារស្ដាំទាំងពីររូបនេះ គឺមិនចាញ់គ្នាទេ ប៉ុន្តែ Hakimi ប្រសើរជាង ព្រោះគាត់មានអាយុតិចជាង Kyle Walker រហូតដល់ 9 ឆ្នាំ។
ប្រភព: Sportsmole