បាល់ទាត់អន្តរជាតិ
តើ Lionel Messi នឹងក្លាយជាកាពីតែនក្រុមដដែលទេ ប្រសិនបើគាត់ផ្ទេរមក Barcelona វិញ?
តារាឆ្នើម Lionel Messi នឹងក្លាយជាកាពីតែនក្រុមរបស់ក្លឹបយក្សកាតាឡាន់ម្តងទៀត ប្រសិនបើគាត់ផ្ទេរត្រឡប់មក Camp Nou វិញនៅរដូវក្ដៅចុងបញ្ចប់នៃរដូវកាលនេះ។ កីឡាករទាំងអស់របស់ Barcelona ត្រូវបានគេដឹងថា មិនជំទាស់នឹងការឡើងកាន់តំណែងជាប្រធានក្រុមរបស់កីឡាករអាហ្សង់ទីនរូបនេះឡើយ។
យោងតាមរបាយការណ៍របស់ AS បានឲ្យដឹងថា តួនាទីជាប្រធានក្រុម ក៏ជាផ្នែកមួយដែល Barcelona បានបញ្ចុះបញ្ចូលទៅកាន់ Lionel Messi ឲ្យត្រឡប់មកទឹកដីអេស្ប៉ាញវិញផងដែរ។ ទន្ទឹមនឹងនេះម្នាក់ ក្នុងចំណោម Sergi Roberto និង Marc-Andre ter Stegen នឹងក្លាយជាប្រធានក្រុមថ្មីនៅរដូវកាលក្រោយ ប្រសិនបើក្នុងករណី Messi មិនត្រឡប់មក Barcelona វិញទេនោះ។
គួររំលឹកផងដែរថា ក្នុងអំឡុងពេលដែល Lionel Messi ចាកចេញទៅ PSG ខ្សែបម្រើ Sergio Busquets បានក្លាយជាប្រធានក្រុមរបស់ Barcelona ហើយអនុប្រធានក្រុមគឺ ខ្សែការពារ Gerard Pique។ យ៉ាងណា ក្រោយមក Pique ក៏បានចូលនិវត្តន៍។ បេក្ខភាពប្រធាន និងអនុប្រធានក្រុមបន្ទាប់គឺ Jordi Alba និង Sergio Busquets ប៉ុន្តែពួកគេទាំងពីរ បានសម្រេចចិត្តចាកចេញពីក្លឹបនៅរដូវក្ដៅនេះ។
ប្រភព: Sportskeeda