បាល់ទាត់អន្តរជាតិ
Luis Suarez ចង់ត្រឡប់ទៅ Barcelona វិញ ហើយយល់ព្រមកាត់បន្ថយប្រាក់ខែ!!!
ខ្សែប្រយុទ្ធ Luis Suarez ចង់ត្រឡប់ទៅអតីតក្លឹបចាស់ Barcelona វិញនៅចុងបញ្ចប់នៃរដូវកាលនេះ។ កីឡាករសញ្ជាតិអ៊ុយរូហ្គាយ Luis Suarez ធ្លាប់មានភាពលេចធ្លោរយ៉ាងខ្លាំង ក្នុងអំឡុងពេលគាត់នៅ Camp Nou ជាមួយនឹងការចំណាយពេល 7 ឆ្នាំ ជាពិសេសគឺរជ្ជកាលដ៏អស្ចារ្យ ដោយគេគ្រប់គ្នាហៅថា MSN ដែលមានខ្សែប្រយុទ្ធឆ្នើមទាំងបីរូបដូចជា Messi, Suarez និង Neymar។
ក្រោយមកទៀត Luis Suarez បានផ្ទេរចេញពី Barcelona ដើម្បីទៅចូលរួមជាមួយ Atletico Madrid ក្នុងពីឆ្នាំ 2020 ដោយកាលនោះក្លឹប Barcelona ដឹកនាំដោយគ្រូបង្វឹកលោក Ronald Koeman។ នាពេលនោះដែរ ក្លឹប Barcelona ធ្លាក់ដុនដាបយ៉ាងខ្លាំង ដោយគ្រូបង្វឹកបានរុះរើកីឡាចាស់ៗជាច្រើន។
យ៉ាងណាមិញ ខ្សែប្រយុទ្ធ Luis Suarez ចង់ត្រឡប់មកវិញ ហើយគាត់នឹងចាកចេញពី Atletico Madrid ដោយគ្មានតម្លៃខ្លួននៅរដូវក្ដៅនេះ ព្រោះកុងត្រារបស់គាត់ជាមួយ Atletico Madrid នឹងត្រូវផុតកំណត់។
របាយការណ៍ច្បាស់ការណ៍មួយពី El Chiringuito TV បានឲ្យដឹងថា: “កីឡាករសញ្ជាតិអ៊ុយរូហ្គាយរូបនេះ ចង់ត្រឡប់ទៅលេងនៅ Barcelona វិញ ហើយថែមទាំងសុខចិត្តកាត់បន្ថយប្រាក់ខែរបស់គាត់ ដើម្បីធ្វើឲ្យការផ្ទេរអាចដំណើរការបានទៀតផង”។
ប្រភព: Express