បាល់ទាត់អន្តរជាតិ
Juventus ទាមទារ 100 លានអឺរ៉ូពីតោខៀវ Chelsea ប្រសិនបើពួកគេចង់បាន Matthijs de Ligt
ក្លឹបសេះបង្កង់ Juventus នឹងទាមទារថ្លៃផ្ទេរប្រហែល 100 លានអឺរ៉ូពីតោខៀវ Chelsea សម្រាប់ខ្សែការពារកណ្តាល Matthijs de Ligt។ ខ្សែការពារសញ្ជាតិហូឡង់រូបនេះបានក្លាយជាអាទិភាពទីមួយនៃគោលដៅផ្ទេររបស់ក្លឹបតោខៀវ Chelsea នៅរដូវក្តៅនេះ ខណៈដែលជម្រើសទីពីរគឺ Jules Kounde របស់ Sevilla។
យ៉ាងណាមិញ De Ligt កំពុងមានការជាប់គាំងក្នុងការចរចារកុងត្រាថ្មីជាមួយ Juventus ដោយគាត់បានទាមទារប្រាក់ឈ្នួលបន្ថែមលើប្រាក់ឈ្នួលបច្ចុប្បន្នរបស់ខ្លួន ហើយប្រសិនបើក្លឹបមិនអាចផ្ដល់ឲ្យគាត់បានទេ នោះគាត់នឹងមិនយល់ព្រមលើការបន្តកុងត្រាថ្មីឡើយ។
ទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែ De Ligt នៅមានកុងត្រាពីរឆ្នាំទៀតជាមួយ Juventus ដូច្នេះក្លឹបនៅតែឈរជំហរយ៉ាងរឹងមាំក្នុងការរក្សាទុកខ្សែការពាររបស់គេ និងមានគោលជំហរចង់បាន 100 លានអឺរ៉ូពី Chelsea ដោយមិនមានការចុះថ្លៃទាបជាងនេះទេ។
ប្រភព: 90 Min