បាល់ទាត់អន្តរជាតិ
ក្ដៅៗ!!! Tottenham Hotspur ប្រកាសចែកផ្លូវគ្នាជាមួយគ្រូបង្វឹកលោក Antonio Conte

កាលពីប៉ុន្មានម៉ោងមុននេះ ក្លឹបមាន់ខ្នាយមាស Tottenham Hotspur បានប្រកាសពីការចាកចេញរបស់គ្រូបង្វឹកលោក Antonio Conte ដែលការចាកចេញនេះធ្វើឡើងតាមរយៈកិច្ចព្រមព្រៀងទាំងសងខាងរវាងក្លឹប និងគ្រូបង្វឹក។ គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះ បានចំណាយពេលត្រឹមតែ 16 ខែប៉ុណ្ណោះ ក្នុងនាមជាគ្រូបង្វឹករបស់ Tottenham Hotspur។
Antonio Conte បានចូលមកដឹកនាំនៅក្លឹបមាន់ខ្នាយមាស បន្តពីលោក Nuno Espirito Santo ក្នុងខែវិច្ឆិកា ឆ្នាំ 2021។ គាត់បានចូលមកដឹកនាំ ក្នុងពេលដែលស្ថានភាពរបស់ក្លឹបមួយនេះកំពុងយ៉ាប់យ៉ឺនបំផុត និងបានកែប្រែស្ថានភាពគ្រប់យ៉ាងឲ្យប្រសើរឡើង រហូតអាចបញ្ចប់រដូវកាលជាមួយនឹងចំណាត់ថ្នាក់លេខ 4 នៅតារាង Premier League ដែលអាចមានឱកាសប្រកួតប្រជែង UEFA Champions League នារដូវកាលនេះ។
ប្រកួតចុងក្រោយក្រោមការដឹកនាំរបស់លោក Antonio Conte គឺប៉ះជាមួយនឹង Southampton ដែលបញ្ចប់ជាមួយនឹងលទ្ធផល 3 ទល់នឹង 3។ យ៉ាងណាក្រោយការប្រកួតនោះ Antonio Conte ខឹងនឹងកីឡាកររបស់គាត់យ៉ាងខ្លាំង និងបាននិយាយក្នុងសន្និសីទសារព័ត៌មានថា កូនក្រុមរបស់ខ្លួនពោរពេញដោយភាពអាត្មានិយម។ លើសពីនេះទៅទៀត គ្រូបង្វឹកវ័យ 53 ឆ្នាំរូបនេះហាក់ដូចជាមានបំណង ចោទប្រកាន់ដោយប្រយោលទៅលើប្រធានក្លឹប Tottenham Hotspur ក្រោមការដឹកនាំរបស់ Daniel Levy និង Joe Lewis ដែលមិនមានវិធិធ្វើឲ្យក្លឹបរីកចម្រើនបាន។
ប្រភព: Sportsmole