បាល់ទាត់អន្តរជាតិ
Manchester City ត្រៀមរួចជាស្រេច ប្រសិនបើ Pep ចាកចេញ ពួកគេនឹងតែងតាំងគ្រូបង្វឹករូបនេះមកដឹកនាំបន្ត

ក្លឹបមេឃខៀវ Manchester City ត្រូវបានគេរាយការណ៍ថា បានត្រៀមផ្តល់ជូនអតីតគ្រូបង្វឹករបស់ក្លឹប Barcelona លោក Luis Enrique នូវទឹកប្រាក់ 14 លានផោន ក្នុងមួយរដូវកាល ដើម្បីមកធ្វើជាគ្រូបង្វឹករបស់ពួកគេ នៅពេលដែលលោក Pep Guardiola ចាកចេញពី Etihad។
យោងតាមរបាយការណ៍ពីលោក El Chiringuito បានឲ្យដឹងថា លោក Pep Guardiola កំពុងសម្លឹងមើលការសម្រាកពីបាល់ទាត់មួយរយៈ ដូចដែលគាត់ធ្លាប់បានធ្វើកន្លងមកក្នុងរដូវកាល 2012-2013។ យ៉ាងណា Manchester City ហាក់ដូចជាបានត្រៀមខ្លួនរួចជាស្រេច ដើម្បីសម្លឹងមើលអ្នកជំនួសតំណែងដ៏សាកសមលើគ្រូបង្វឹករូបនេះគឺលោក Luis Enrique។
ជាការពិតណាស់ ទាំងលោក Luis Enrique និង Pep Guardiola សុទ្ធតែជាគ្រូបង្វឹកដែលជោគជ័យនៅ Barcelona ជាពិសេស គ្រូបង្វឹកទាំង 2 រូបនេះ ពិតជាមានបទពិសោធន៍ដ៏ល្អជាមួយនឹងការលេងបាល់ខ្លីដែលជាទម្រង់លេងរបស់ក្លឹប Manchester City បច្ចុប្បន្ន។ ដោយឡែក Luis Enrique បានចាកចេញពីតំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិអេស្ប៉ាញ បន្ទាប់ពីការប្រកួត FIFA World Cup ឆ្នាំ 2022 ដោយមិនជោគជ័យ ហើយពេលនេះគាត់មិនទាន់ទទួលបានការងារនៅឡើយទេ។ គ្រូបង្វឹករូបនេះ ធ្លាប់បានសារភាពថា គាត់ពិតជាចង់ចាប់យកការងារថ្មីមួយនៅ Premier League។ ដូច្នេះការក្លាយជាគ្រូបង្វឹកបន្ទាប់នៅ Manchester City គឺមានភាគរយខ្ពស់បំផុត។
ប្រភព: Sportskeeda