បាល់ទាត់អន្តរជាតិ
Real Madrid នឹងមិនលក់ខ្សែបម្រើរបស់ខ្លួន Tchouameni ឡើយ

ក្លឹបអធិរាជស Real Madrid ត្រូវបានគេរាយការណ៍ថា មិនបានត្រៀមខ្លួន ដើម្បីទទួលយកសំណើរក្នុងការលក់ Aurelien Tchouameni របស់ខ្លួនឡើយ។ ខ្សែបម្រើរូបនេះ គឺជាកីឡាករម្នាក់ដែលក្លឹប Real Madrid ចំណាយប្រាក់ផ្ទេររហូតដល់ 80 លានអឺរ៉ូ កាលពីខែមិថុនា ឆ្នាំ 2022។
មុនពេលព្រឹត្តិការណ៍នៃការប្រកួត World Cup នៅប្រទេសកាតា Tchouameni បានបង្ហាញខ្លួនជាជម្រើសដំបូងចំនួន 11 ប្រកួត ក្នុងក្របខណ្ឌ La Liga របស់ Real Madrid។ ប៉ុន្តែក្រោយពេលត្រឡប់មកពីបំពេញភារកិច្ចឲ្យក្រុមជម្រើសជាតិបារាំងវិញ កីឡាករវ័យ 23 ឆ្នាំរូបនេះ បានត្រឹមតែជាកីឡាករបម្រុងរបស់ក្រុមប៉ុណ្ណោះ។
ដោយសារតែបញ្ហារបួស និងការសម្រេចចិត្តរបស់គ្រូបង្វឹក គាត់បានចាប់ផ្តើមបង្ហាញខ្លួនជាជម្រើសដំបូងត្រឹមតែចំនួន 5 ដង ក្នុងការប្រកួតលីគចំនួន 15 ចុងក្រោយរបស់ Real Madrid។ លោក Carlo Ancelotti នៅតែពឹងផ្អែកលើបទពិសោធន៍របស់ Toni Kroos និង Luka Modric ខណៈដែល Eduardo Camavinga បានបង្ហាញខ្លួនជាផ្នែកដ៏សំខាន់នៃក្រុម Real Madrid។
មានពាក្យចចាមអារ៉ាមជាច្រើនចុងក្រោយ បានអះអាងថា ក្លឹប Real Madrid ប្រហែលជានឹងសម្រេចចិត្តលក់ខ្សែបម្រើ Aurelien Tchouameni នៅចុងបញ្ចប់នៃរដូវកាលនេះ បន្ទាប់ពីមើលឃើញថា គាត់មិនមែនជាផ្នែកមួយនៃគម្រោងរបស់ក្លឹប។ ផ្ទុយមកវិញ ថ្មីៗនេះយោងតាមរបាយការណ៍ពី AS បានឲ្យដឹងថា ក្លឹបម្ចាស់ជើង UCL 14 សម័យកាល Real Madrid នឹងមិនលក់ខ្សែបម្រើសញ្ជាតិបារាំងរូបនេះនោះទេ ហើយពួកគេដឹងថា កីឡាកររូបនេះនឹងអាចសម្របខ្លួនបានកាន់តែប្រសើរឡើងនាពេលខាងមុខ។
ប្រភព: Sportsmole