Connect with us

បាល់ទាត់អន្តរជាតិ

Real Madrid ដាក់​តម្លៃ​ខ្លួន 68 លានផោន លើ​កីឡាករ​ដែល Pochettino ចង់​បាន

Published

on

ក្លឹប​អធិរាជស Real Madrid ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​រងចាំ​ការ​ដាក់​សំណើរ​កើន​ឡើង​ដល់ 68 លានផោន​ពី​តោខៀវ Chelsea សម្រាប់​ការ​ទិញ​យក​ខ្សែ​បម្រើ Aurelien Tchouameni។ គេ​ដឹង​ថា កីឡាករ​សញ្ជាតិ​បារាំង​រូប​នេះ គឺ​ជា​គោលដៅ​នៃ​ការ​ចង់​បាន​ខ្លាំង​បំផុត​ពី​សំណាក់​គ្រូ​បង្វឹក​ថ្មី​របស់​តោខៀវ​លោក Mauricio Pochettino។

ទន្ទឹម​នឹង​នេះ​ដែរ Aurelien Tchouameni ដែល​បច្ចុប្បន្ន​មាន​វ័យ 23 ឆ្នាំ មិន​អាច​បង្ហាញ​សមត្ថភាព​តាម​ការ​រំពឹង​ទុក​របស់​អ្នក​គាំទ្រ Real Madrid ឡើយ ចាប់​តាំង​ពី​គាត់​បាន​ផ្ទេរ​ពី AS Monaco ក្នុង​តម្លៃ​ប្រហែល 86 លានផោន កាល​ពី​រដូវក្តៅ​ឆ្នាំ​មុន។ កីឡាករ​រូប​នេះ ត្រូវ​បាន​ក្លឹប​យក្ស​អេស្ប៉ាញ​ចុះ​ហត្ថលេខា​ដើម្បី​មក​ជំនួស Toni Kroos ប៉ុន្តែ​ទម្រង់​លេង​របស់​គាត់​មិន​អាច​ដណ្ដើម​ជម្រើស​ដំបូង​ពី Kroos និង Eduardo Camavinga បាន​ឡើយ។

ជា​លទ្ធផល Real Madrid សង្ឃឹម​ថា នឹង​អាច​ឆ្លៀត​ឱកាស​លក់​កីឡាករ​បារាំង​រូប​នេះ មុនពេល​គាត់​ក្លាយ​ជា​កីឡាករ​ដែល​មាន​តម្លៃ​ខ្លួន​ធ្លាក់​ចុះ​ខ្លាំង។ ពួកគេ​បាន​ត្រៀម​ខ្លួន​ក្នុង​ការ​បញ្ចេញ Tchouameni ​ក្នុង​តម្លៃ 68 លាន​ផោន ដោយ​សុខ​ចិត្ត​ខាត 18 លានផោន។ ដោយ​ឡែក​យោងតាម​របាយការណ៍​ពី El Nacional បាន​រាយការណ៍​ថា បច្ចុប្បន្ន Pochettino កំពុង​តាមដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​លើ Tchouameni ខណៈ​ដែល​គាត់​មាន​បំណង នាំ​យក​កីឡាករ​រូប​នេះ​មក​ទឹកដី​អង់គ្លេស ដើម្បី​រៀប​ចំ​នូវ​ទម្រង់​លេង​សម្រាប់​រដូវកាល​ថ្មី​របស់​ខ្លួន។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២