បាល់ទាត់អន្តរជាតិ
Fred ចង់ចាកចេញ ប្រសិនបើក្លឹបមិនផ្ដល់ឱកាសឲ្យគាត់លេងបានទៀងទាត់

ខ្សែបម្រើកណ្ដាលរបស់ក្លឹបបិសាចក្រហម Manchester United គឺកីឡាករ Fred បានសារភាពថា គាត់មិនទាន់សម្រេចចិត្តច្បាស់លាស់អំពីអនាគតរបស់ខ្លួននៅក្លឹបបច្ចុប្បន្នឡើយ បន្ទាប់ពីមានការចាប់អារម្មណ៍ពីក្លឹប Fulham ដែលនៅក្នុងក្របខ័ណ្ឌ Premier League ដូចគ្នាចង់បានគាត់។
យ៉ាងណាមិញ Fred នៅសល់កុងត្រាមួយឆ្នាំទៀតជាមួយ Manchester United ហើយគាត់បានទទូចថា ចង់ក្លាយជាកីឡាករសំខាន់ម្នាក់ ដែលតែងតែលេងជាប្រចាំសម្រាប់ការប្រកួតរបស់ក្លឹប។ ទន្ទឹមនឹងនេះដែរ កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ អាចនឹងត្រូវក្លឹបសម្រេចចិត្តលក់ចេញនៅរដូវក្តៅនេះ ប្រសិនបើពួកគេមិនចង់ឃើញគាត់ចាកចេញដោយគ្មានតម្លៃខ្លួននៅឆ្នាំក្រោយ។
ដោយឡែកលោក Erik ten Hag ដែលជាគ្រូបង្វឹករបស់ក្លឹប ក៏កំពុងសម្លឹងមើលការពង្រឹងនៅជម្រើសខ្សែបម្រើរបស់គាត់ផងដែរ ជាមួយនឹងការចុះហត្ថលេខាលើកីឡាករចំណូលថ្មីយ៉ាងហោចណាស់ម្នាក់ ហើយជាក់ស្ដែងពេលនេះពួកគេកំពុងពិភាក្សាជាមួយក្លឹបតោខៀវ Chelsea ដោយក្លឹបទាំងពីរអាចនឹងព្រមព្រៀងគ្នាជាទឹកប្រាក់ 50 លានផោន សម្រាប់ផ្ទេរ Mason Mount។
ស្របពេលជាមួយគ្នានេះដែរ Fred កំពុងត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ទៅ Fulham នៅមុនរដូវកាលក្រោយចាប់ផ្ដើម។ នៅពេលត្រូវបានសួរបន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup កាលពីចុងសប្តាហ៍មុន Fred បាននិយាយនៅក្នុងបទសម្ភាសន៍ថា៖ “ខ្ញុំនៅតែមិនច្បាស់ពីរឿងនេះ។ ខ្ញុំត្រូវតែនិយាយជាមួយគ្រួសាររបស់ខ្ញុំ ខ្ញុំនៅមានកុងត្រានៅសល់មួយឆ្នាំទៀត នៅទីនេះ។… ខ្ញុំចង់ក្លាយជាកីឡាករសំខាន់ ខ្ញុំចង់ជួយក្រុម…។ ពិតណាស់! ខ្ញុំតែងតែចង់ចូលលេង ដើម្បីជួយក្រុមរបស់ខ្ញុំ ហើយពិតជារីករាយជាមួយនឹងការក្លាយជាជម្រើសដំបូង”។
ប្រភព: Dailypost NG