បាល់ទាត់អន្តរជាតិ
Ronaldo នឹងត្រូវផ្ដល់លុយទៅឲ្យ Georgina Rodriguez ចំនួន 86,000 ផោនក្នុងមួយខែ ប្រសិនបើពួកគេបែកគ្នា
ខ្សែប្រយុទ្ធ Al Nassr គឺកីឡាករ Cristiano Ronaldo នឹងតម្រូវឲ្យបង់ប្រាក់ឲ្យមិត្តស្រីរបស់គាត់ Georgina Rodriguez ជាទឹកប្រាក់ 86,000 ផោន ក្នុងមួយខែ ប្រសិនបើគូស្នេហ៍មួយគូនេះបែកគ្នា ទោះពួកគេមិនបានឆ្លងកាត់ការរៀបការក៏ដោយ។ នេះគឺដោយសារតែកិច្ចព្រមព្រៀងមុនរៀបការដែលបានធ្វើឡើងដើម្បីធានាអនាគតហិរញ្ញវត្ថុរបស់ Rodriguez (នេះបើយោងតាម Daily Mail បានចេញផ្សាយ)។

យ៉ាងណាមិញ រឿងរ៉ាវនេះ ត្រូវបានលេចធ្លាយបន្ទាប់ពីមានពាក្យចចាមអារ៉ាមថា អ្នកទាំងពីរកំពុងដើរដល់ផ្លូវបំបែក។ ទោះជាយ៉ាងណាក៏ដោយ ម្តាយរបស់ CR7 ថ្មីៗនេះបានបដិសេធពាក្យចចាមអារ៉ាមអំពីរឿងនេះ ហើយទន្ទឹមនឹងនេះដែរ គូស្នេហ៍មួយគូនេះត្រូវបានគេឃើញនៅជាមួយគ្នាជាធម្មតានៅក្នុងប្រទេសអេស្ប៉ាញ ដែលជាសញ្ញាបង្ហាញថា មិនមានបញ្ហាអ្វីនោះឡើយ។

គួររំលឹកផងដែរថា នេះមិនមែនជាលើកទីមួយទេ ដែលជីវិតផ្ទាល់ខ្លួនរបស់ Ronaldo និងសង្សាររបស់គាត់ Rodriguez ត្រូវបានគេចោទប្រកាន់ថា អាចបែកបាក់គ្នា។ ទោះបីជាមានការនិយាយជាច្រើនលើកច្រើនសារយ៉ាងណាក៏ដោយ ក៏អ្វីៗមិនបានកើតឡើងជាផ្លូវការណ៍ដែរ ហើយអ្នកទាំងពីរកំពុងកើបលុយយ៉ាងសន្ធឹកសន្ធាប់នៅអារ៉ាប៊ីសាអូឌីត។

ប្រភព: Dailypost NG
