បាល់ទាត់អន្តរជាតិ
Cristiano Ronaldo ក្លាយជាកីឡាករបាល់ទាត់ដំបូងគេ ដែលបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិបាន 200 ប្រកួត
កាពីតែនក្រុមជម្រើសជាតិព័រទុយហ្គាល់ និងជាខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo បានក្លាយជាកីឡាករបាល់ទាត់បុរសដំបូងគេ ដែលបានលេងការប្រកួតឲ្យក្រុមជម្រើសជាតិបានចំនួន 200 ប្រកួត បន្ទាប់ពីគាត់បានបង្ហាញខ្លួនលើកចុងក្រោយកាលពីរំលងអាធ្រាតយប់មិញនេះ ក្នុងការប្រកួតជម្រុះ Euro ពូល J នៅក្នុងដីក្រុមម្ចាស់ផ្ទះអ៊ីស្លង់។
យ៉ាងណាមិញ Cristiano Ronaldo បានបង្ហាញខ្លួនជាលើកដំបូងឲ្យក្រុមជម្រើសជាតិព័រទុយហ្គាល់ ដែលជាប្រទេសកំណើតរបស់ខ្លួនក្នុងឆ្នាំ 2003 ដោយពេលនោះជាការប្រកួតមិត្តភាពទល់នឹងក្រុមជម្រើសជាតិក្រិក។ កីឡាករវ័យ 38 ឆ្នាំរូបនេះ បច្ចុប្បន្នក៏ជាកីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេ សម្រាប់ក្រុមជម្រើសជាតិផងដែរដោយមាន 123 គ្រាប់។
ថ្វីត្បិតតែម្ចាស់ពាន Ballon d’Or 5 សម័យ Cristiano Ronaldo មិនធ្លាប់បានឈ្នះពាន World Cup ឲ្យក្រុមជម្រើសជាតិដូច Lionel Messi ពិតមែន ប៉ុន្តែគាត់ក៏ធ្លាប់បានឈ្នះពានធំៗ 2 ជាមួយព័រទុយហ្គាល់ផងដែរ។ ក្នុងនាមជាកាពីតែក្រុម គាត់បានដឹកនាំប្រទេសរបស់គាត់ឲ្យឈ្នះពាន Euro ក្នុងឆ្នាំ 2016 និងពីរឆ្នាំក្រោយមកទៀតក៏ឈ្នះពាន UEFA Nations League។ ដោយឡែក ខណៈដែល Cristiano Ronaldo គឺជាអ្នកកាន់កំណត់ត្រាផ្នែកបាល់ទាត់បុរស អ្នកនាង Kristine Lilly ជាអតីតកីឡាករបាល់ទាត់ផ្នែកនារីរបស់សហរដ្ឋអាមេរិច ដែលមានកំណត់ត្រាបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិច្រើនបំផុត ចំនួនរហូតដល់ 354 ដង។
ប្រភព: Dailypost NG