បាល់ទាត់អន្តរជាតិ
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Sergio Busquets

គ្រប់យ៉ាងបានកើតឡើងដូចការរំពឹងទុករបស់អ្នកគាំទ្រ ដោយកាលពីប៉ុន្មានម៉ោងមុននេះ ក្លឹប Inter Miami របស់អាមេរិច បានប្រកាសពីការចុះហត្ថលេខាលើខ្សែបម្រើឆ្នើម Sergio Busquets។ ខ្សែបម្រើរូបនេះបានជួបជុំជាថ្មីម្ដងទៀតជាមួយមិត្តចាស់កាលនៅ Barcelona ជាមួយគ្នា គឺ Lionel Messi ដោយកីឡាករអាហ្សង់ទីនរូបនេះ ក៏ទើបតែនឹងបញ្ចប់ការផ្ទេរទៅ MLS ដែរ។
ម្ចាស់ក្លឹបលោក David Beckham គឺជាមូលហេតុដ៏សំខាន់មួយដែលធ្វើឲ្យកីឡាករឆ្នើមរូបនេះ សម្រេចចិត្តផ្ទេរទៅទឹកដីអាមេរិច និងសុខចិត្តបដិសេធលើសំណើរជាទឹកប្រាក់ដ៏មហាសាលពីសំណាក់ក្លឹបនៅអារ៉ាប៊ីសាអូឌីត។ ទាំង Lionel Messi និង Sergio Busquets សុទ្ធតែត្រូវបានទាក់ទាញដោយក្លឹបនៅលីគកំពូល Saudi Pro League ប៉ុន្តែតារាឆ្នើមទាំងពីររូបនេះ បានសម្រេចចិត្តជ្រើសយក Inter Miami។
Sergio Busquets បានចាកចេញពី Barcelona ក្នុងនាមជាកីឡាករដែលផុតកុងត្រា ខណៈដែល Messi ចាកចេញពី PSG ក្នុងនាមជាកីឡាករដែលផុតកុងត្រា និងគ្មានតម្លៃខ្លួនដូចគ្នា។ ទន្ទឹមនឹងនេះដែរ កីឡាករបន្ទាប់ដែលគេរំពឹងថា នឹងចូលរួមជាមួយ Inter Miami ដែរនោះ គឺខ្សែការពារស្លាប Jordi Alba ដោយកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះក៏បានបញ្ចប់កុងត្រារបស់ខ្លួននៅ Barcelona មុនកំណត់ និងកំពុងស្វែងរកក្លឹបថ្មីដែរ។
ប្រភព: Fabrizio Romano