បាល់ទាត់អន្តរជាតិ
ក្លឹប Inter Miami បន្តនាំចូលកីឡាករចំណូលថ្មីសញ្ជាតិអាហ្សង់ទីន
ក្លឹបបាល់ទាត់អាមេរិក Inter Miami បានប្រកាសពីការផ្ទេរខ្សែការពារសញ្ជាតិអាហ្សង់ទីន Marcelo Weigandt ដែលធ្លាប់លេងឲ្យក្លឹប Boca Juniors ក្នុងលីគកំពូលនៃប្រទេសអាហ្សង់ទីន។ គិតចាប់តាំងពីពេលដែល Lionel Messi បានផ្ទេរទៅលេងនៅទឹកដីអាមេរិក យើងសង្កេតឃើញថា មានកីឡាករអាហ្សង់ទីនជាហូរហែត្រូវបានចុះហត្ថលេខាដោយក្លឹប Inter Miami។
យោងតាមសេចក្តីថ្លែងការណ៍នៅលើគេហទំព័រផ្លូវការណ៍របស់ក្លឹប ខ្សែការពារស្លាប Marcelo Weigandt បានមកទឹកដីអាមេរិក ក្នុងកិច្ចព្រមព្រៀងខ្ចីជើងប៉ុណ្ណោះ ដែលកីឡាករវ័យ 24 ឆ្នាំរូបនេះត្រូវបានចុះហត្ថលេខារហូតដល់ចុងបញ្ចប់នៃរដូវកាលឆ្នាំ 2024 ជាមួយនឹងជម្រើសដែលអាចបន្តបន្ថែមមួយរដូវកាលទៀតផងដែរ។
គួរដឹងផងដែរថា Weigandt បានលេងឲ្យអតីតក្លឹបចាស់ Boca Juniors ចំនួនសរុប 72 ប្រកួ ដោយស៊ុតបញ្ចូលទីបាន 3 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន 7 ដង។ ជាមួយនឹងការចូលរួមជាមួយ Inter Miami នេះដែរ Weigandt នឹងក្លាយជាកីឡាករអាហ្សង់ទីនទី 7 សម្រាប់ក្លឹបអាមេរិកនេះហើយ ដោយចូលរួមបន្ទាប់ពីមិត្តរួមជាតិរបស់គាត់ Lionel Messi, Facundo Farías, Franco Negri, Federico Redondo, Nicolás Freire និង Tomás Avilés។
ប្រភព: Telecomasia