បាល់ទាត់អន្តរជាតិ
អតីតកីឡាករឆ្នើមមួយរូបអះអាងថា បិសាចក្រហមផ្ទេរ Mason Mount ល្អជាង Arsenal ផ្ទេរ Declan Rice

អតីតកីឡាកររបស់ក្លឹបបិសាចក្រហម Manchester United លោក Dwight Yorke បានអះអាងថា ការចុះហត្ថលេខាលើ Mason Mount របស់ Manchester United គឺជាកិច្ចព្រមព្រៀងល្អជាង Arsenal ដែលចុះហត្ថលេខាលើ Declan Rice។ យ៉ាងណាមិញ កីឡាករទាំងពីររូបនេះលេងតំណែងមិនសូវដូចគ្នាទេ ដោយ Declan Rice ភាគច្រើនលេងបម្រើការពារ ហើយ Mason Mount លេងបម្រើស្លាប រឺបម្រើប្រយុទ្ធ។
ថ្មីៗនេះ Manchester United បានចុះហត្ថលេខាលើ Mason Mount ពី Chelsea ក្នុងតម្លៃ 60 លានផោន ខណៈដែល Declan Rice ត្រៀមចូលរួមជាមួយ Arsenal ក្នុងតម្លៃ 105 លានផោន ដោយផ្ទេរពី West Ham United។ អ្នកគាំទ្រជាច្រើនរបស់បិសាចក្រហមបានសាទរចំពោះក្លឹបរបស់ខ្លួនដែលចុះហត្ថលេខាលើ Mason Mount ខណៈដែលក្លឹបថែមទាំងបានប្រគល់អាវលេខ 7 ឲ្យកីឡាករចំណូលថ្មីរូបនេះទៀតផង។
ទន្ទឹមនឹងនេះដែរអតីតវីបុរសបាល់ទាត់ Dwight Yorke ជឿជាក់ថា Mount នឹងរកបានគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនសម្រាប់ Manchester United ជាង Declan Rice ស៊ុតបញ្ចូលទីពេលលេងឲ្យ Arsenal។ គាត់បាននិយាយថា៖ “Mason Mount ក្នុងតម្លៃ 60 លានផោន គឺ 100 ភាគរយជាកិច្ចព្រមព្រៀងល្អជាង Rice ដែលមានតម្លៃ 105 លានផោន។ Mount នឹងរកគ្រាប់បាល់បានច្រើនជាង។ ជាក់ស្តែង ពួកគេមានតួនាទីលេងកន្លែងខុសគ្នា ដូច្នេះពិបាកនឹងប្រៀបធៀបគ្នា ប៉ុន្តែ Mount មានទេពកោសល្យខុសពីអ្នកដទៃ”។
ប្រភព: Dailypost NG