បាល់ទាត់អន្តរជាតិ
របួសថ្មីទៀតហើយ! Mason Mount បន្តនៅក្រៅទីលានថែមមួយខែទៀត
ខ្សែបម្រើប្រយុទ្ធ Mason Mount ត្រូវបានគេរាយការណ៍ថា អាចនៅនឹងបន្តនៅក្រៅទីលានរហូតដល់មួយខែបន្ថែមទៀត ដោយមានបញ្ហាកំភួនជើងដែលគាត់បានរងរបួសអំឡុងពេលហ្វឹកហាត់ជាមួយមិត្តរួមក្រុម Manchester United របស់ខ្លួន។ កីឡាករសញ្ជាតិអង់គ្លេសរូបនេះ បានជួបការលំបាកខ្លាំង បន្ទាប់ពីបានផ្ទេរពីក្លឹបតោខៀវ Chelsea កាលពីដើមរដូវកាលកន្លងទៅ។
យ៉ាងណាមិញ ម្ចាស់អាវលេខ 7 ថ្មីរូបនេះបានរួមចំណែកបញ្ជូនបាល់ឲ្យមិត្តរួមក្រុមរបស់ខ្លួនបានតែម្ដងប៉ុណ្ណោះ ក្នុងការបង្ហាញខ្លួន 12 ប្រកួត សម្រាប់បិសាចក្រហម Man United ក្នុងយុទ្ធនាការឆ្នាំ 2023-2024 ហើយរូបគេបានអវត្តមានចំនួន 5 ប្រកួត នៅដើមរដូវកាលនេះ ដោយសារបញ្ហាសាច់ដុំ។
គ្រូបង្វឹករបស់បិសាចក្រហមគឺលោក Erik ten Hag មិនបាននិយាយអំពីរបួសរបស់ Mason Mount ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានរបស់គាត់ មុនការប្រកួតទល់នឹង Everton កាលពីថ្ងៃសុក្រម្សិលមិញនេះឡើយ ប៉ុន្តែបើយោងតាមកាសែត Daily Mail បានឲ្យដឹងថា កីឡាករវ័យ 24 ឆ្នាំ Mason Mount មានបញ្ហាកំភួនជើងអំឡុងពេលហ្វឹកហាត់កាលពីពេលថ្មីៗនេះ ហើយឥឡូវនេះគាត់អាចនឹងបន្តទៅក្រៅទីលានយ៉ាងហោចណាស់រយៈពេល 3 ទៅ 4 សប្តាហ៍បន្ថែមទៀត ដើម្បីជាសះស្បើយពីបញ្ហា។
ប្រភព: Sportsmole