បាល់ទាត់អន្តរជាតិ
Chelsea ច្រានចោលការដេញថ្លៃរបស់បិសាចក្រហម ដែលចង់បាន Mason Mount

ក្លឹបតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថា បានច្រានចោលការដេញថ្លៃ 55 លានផោន ពីក្លឹបបិសាចក្រហម Manchester United សម្រាប់ខ្សែបម្រើប្រយុទ្ធ Mason Mount។ កីឡាករវ័យ 24 ឆ្នាំរូបនេះ បច្ចុប្បន្នកំពុងមានពាក្យចចាមអារ៉ាមជាច្រើនពីការចាកចេញ ខណៈដែលតោខៀវកំពុងស្ថិតក្នុងស្ថានភាពដុនដាបខ្លាំង និងជាពិសេសមិនមានកៅអីលេងពាន UEFA Champions League នៅរដូវកាលថ្មីខាងមុខ។
ស្របពេលដែល Chelsea កំពុងមានទម្រង់លេងធ្លាក់ចុះខ្លាំង Mason Mount ក៏បានបាត់បង់ឱកាសជាច្រើនក្នុងការបង្ហាញសមត្ថភាពនៅលើទីលានប្រកួត ហើយថែមទាំងមិនត្រូវបានគ្រូបង្វឹកកោះហៅឲ្យចូលក្រុមជម្រើសជាតិអង់គ្លេស ដើម្បីប្រកួតវគ្គជម្រុះយូរ៉ូថ្មីៗនេះទៀតផង។ លោក Gareth Southgate សុខចិត្តប្រើប្រាស់ Trent Alexander-Arnold ក្នុងតួនាទីជាខ្សែបម្រើរបស់ Mason Mount ចាប់ដៃគូជាមួយ Declan Rice និង Jordan Henderson។
ទោះជាយ៉ាងណាក៏ដោយ គេជឿថា បិសាចក្រហម Manchester United នៅតែមើលឃើញពីសមត្ថភាពរបស់ Mason Mount និងចង់យកកីឡាករវ័យ 24 ឆ្នាំរូបនេះមក Old Trafford ហើយបើយោងតាមសារព័ត៌មាន Sky Sports បានឲ្យដឹងថា ពួកគេនិយាយត្រូវរូវគ្នាជាមួយ Mason Mount ហើយ តែបានជួបឧបសគ្គមួយផ្សេងទៀត ដោយក្លឹបរបស់គាត់ បានច្រានចោលសំណើរជាលើកទីបីដែលមានទំហំទឹកប្រាក់ 55 លានផោន។ តោខៀវ Chelsea ប្រហែលជាចង់បានលក្ខខណ្ឌ និងទឹកប្រាក់ផ្សេងទៀតច្រើនជាងនេះ។
ប្រភព: Sportsmole