បាល់ទាត់អន្តរជាតិ
គ្រាន់តែលឺថា PSG ចង់លក់ Kylian Mbappe ភ្លាម Chelsea ចាប់អារម្មណ៍ភ្លែត

យោងតាមសេចក្ដីរាយការណ៍ចុងក្រោយមួយបានឲ្យដឹងថា ក្លឹបតោខៀវ Chelsea នឹងព្យាយាមខិតខំលើការផ្ទេរដ៏ធំមួយសម្រាប់ខ្សែប្រយុទ្ធ Kylian Mbappe របស់ Paris Saint-Germain ហើយពួកគេនឹងពិចារណាចាយលុយលើកិច្ចព្រមព្រៀងសម្រាប់ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះតាមលទ្ធភាពដែលអាចធ្វើទៅបាន។
យ៉ាងណាមិញបច្ចុប្បន្ននេះប្រធានក្លឹបតោខៀវលោក Todd Boehly កំពុងសម្របសម្រួលការលក់កីឡាករចេញ ឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដើម្បីបំពេញតាមបទប្បញ្ញត្តិរបស់ FFP ទាក់ទងនឹងចំណូលចំណាយលើកីឡាករ។ កីឡាករ 13 នាក់ ដែលមានវត្តមានកាលពីរដូវកាលមុន គឺលែងមានវត្តមានទៀតហើយ។ ក្នុងនោះ 10 នាក់ចាកចេញក្នុងនាមជាកីឡាករលក់ផ្ដាច់កុងត្រា និង 3 នាក់ទៀតដែលមាន David Datro Fofana ខ្ចីជើងទៅ Union Berlin, Denis Zakaria និង Joao Felix ត្រឡប់ទៅ Juventus និង Atletico Madrid ដែលជាក្លឹបដើមរបស់ពួកគេវិញ។
ខណៈពេលនៃការចាកចេញរបស់កីឡាករជាច្រើន លោក Mauricio Pochettino ដែលជាគ្រូបង្វឹករបស់ក្លឹបក៏បានទទួលខ្សែប្រយុទ្ធចំណូលថ្មី Christopher Nkunku និង Nicolas Jackson ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ Chelsea នៅតែលូកដៃចូលក្នុងទីផ្សារដោះដូរកីឡាករដើម្បីស្វែងរកខ្សែប្រយុទ្ធថ្មី ហើយយោងតាមអ្នកកាសែត RMC Sport លោក Fabrice Hawkins បានឲ្យដឹងថា Chelsea កំពុងពិចារណារកវិធី និងរៀបចំទឹកប្រាក់ដ៏សមគួរមួយដើម្បីដាក់សំណើរសម្រាប់នាំយក Mbappe មក Stamford Bridge។
ប្រភព: Sportsmole