បាល់ទាត់អន្តរជាតិ
Victor Osimhen នឹងទទួលបានប្រាក់ពលកម្ម 1 លានផោន ក្នុងមួយសប្តាហ៍ ប្រសិនបើគាត់ព្រមចាកចេញពី Napoli

ក្លឹបរបស់អារ៉ាប៊ីសាអូឌីត Al Hilal ត្រូវបានគេដឹងថា បានដាក់សំណើរជាទឹកប្រាក់ 140 លានអឺរ៉ូ ទៅ Napoli ដើម្បីផ្ទេរយកខ្សែប្រយុទ្ធ Victor Osimhen (នេះបើយោងតាម Sky Sports បានចុះផ្សាយ)។ សម្រាប់ប្រាក់ពលកម្មដែលពួកគេបានផ្តល់ជូនសម្រាប់ Osimhen គឺមានចំនួនរហូតដល់ 1 លានផោន ក្នុងមួយសប្តាហ៍។
ថ្វីត្បិតតែគោលដៅបន្ទាប់របស់ Victor Osimhen មិនទាន់ត្រូវបានគេដឹងថា ជាក្លឹបណាមួយក៏ដោយ តែកីឡាករសញ្ជាតិនីហ្សេរីយ៉ារូបនេះ ត្រូវបានគេគិតថា នឹងចាកចេញពីទឹកដីអ៊ីតាលីនៅរដូវក្ដៅនេះ។ កាលពីរដូវកាលមុន Osimhen បានរួមចំណែកដ៏សំខាន់ ក្នុងការជួយឲ្យក្លឹបរបស់ខ្លួនក្លាយជាម្ចាស់ពាន Serie A ដោយស៊ុតបញ្ចូលទីបាន 26 គ្រាប់ និង 4 Assists។
បច្ចុប្បន្ន Victor Osimhen នៅមានកុងត្រាជាមួយក្លឹបបច្ចុប្បន្នដល់ឆ្នាំ 2025 ប៉ុន្តែ Napoli កំពុងចរចាឲ្យគាត់ចុះកុងត្រាថ្មីរយៈពេល 2 ឆ្នាំបន្ថែមទៀត រហូតដល់ឆ្នាំ 2027។ ប្រសិនបើគាត់ចុះហត្ថលេខាបន្តកុងត្រាថ្មី នោះលក្ខខណ្ឌនៃតម្លៃខ្លួនលក់ចេញរបស់ខ្សែប្រយុទ្ធរូបនេះមានចំនួន 150 លានអឺរ៉ូ។ ប្រធានក្លឹប Napoli ចង់លក់ Victor Osimhen ជាមួយនឹងតម្លៃ 200 លានអឺរ៉ូ ប៉ុន្តែអ្នកតំណាងរបស់ Osimhen បានចរចាជាមួយក្លឹបផ្សេងៗ ក្នុងតួលេខនៃទឹកប្រាក់ទាបជាងនេះ។
ប្រភព: Dailypost NG