បាល់ទាត់អន្តរជាតិ
គ្រូ Napoli ថា ក្រុមរបស់ខ្លួននៅតែខ្លាំង ទោះមិនមានខ្សែប្រយុទ្ធ Victor Osimhen ក៏ដោយ

គ្រូបង្វឹករបស់ក្លឹប Napoli លោក Rudi Garcia បានអួតថា ក្លឹបរបស់ខ្លួននៅតែមានទម្រង់លេងនៅតំបន់ប្រយុទ្ធខ្លាំងក្លា បើទោះបីជាបាត់បង់ខ្សែប្រយុទ្ធឆ្នើម Victor Osimhen របស់ពួកគេដោយសាររបួសក៏ដោយ។ យ៉ាងណាមិញ ពេលនេះ Victor Osimhen កំពុងសម្រាកពីការប្រកួតដោយសាររងរបួសភ្លៅ ក្នុងអំឡុងពេលបំពេញកាតព្វកិច្ចជាមួយក្រុមជម្រើសជាតិនីហ្សេរីយ៉ាកាលពីសប្តាហ៍មុន។
ទន្ទឹមនឹងនេះដែរ Victor Osimhen ត្រូវបានគេរំពឹងថា នឹងត្រូវអវត្តមានមិនអាចចូលលេងបានប្រហែលមួយខែ។ កាលពីថ្ងៃសៅរ៍សប្ដាហ៍នេះ ក្នុងអំឡុងពេលនៃការអវត្តមានរបស់ Victor Osimhen នោះ ក្រុមការពារតំណែងជើងឯក Napoli បានយកឈ្នះ Hellas Verona ក្នុងលទ្ធផល 3-1 ដែលជាការប្រកួតលីគ Serie A។
គ្រាប់បាល់ទាំង 3 គ្រាប់របស់ Napoli នៅក្នុងការប្រកួតនោះ គឺជាការស៊ុតបញ្ចូលទីរបស់ខ្សែប្រយុទ្ធ 2 រូបដែលមាន Kvicha Kvaratskhelia និង Hirving Lozano។ ក្រោយចប់ការប្រកួតលោក Rudi Garcia ដែលជាគ្រូបង្វឹករបស់ក្លឹបបានប្រាប់ទៅកាន់ DAZN ថា៖ “Giacomo Raspadori គឺជាខ្សែប្រយុទ្ធដែលលេងជាក្រុមបានល្អ ហើយផ្តល់ឲ្យក្រុមមានតុល្យភាពនៅតំបន់កណ្តាល”។
Rudi Garcia បានបន្ថែមទៀតថា៖ “យើងមានសំណាងដែលមាន Victor Osimhen, Raspadori និង Giovanni Simeone នៅក្នុងក្រុមនេះជាមួយគ្នា។ វាជាការប្រសើរប្រសិនបើគេមិនមានរបួស ប៉ុន្តែខ្ញុំមិននិយាយពីរឿងនោះទេ ព្រោះខ្ញុំដឹងថា យើងនៅតែមានគុណភាពខ្លាំងក្លានៅតំបន់ប្រយុទ្ធ”។
ប្រភព: Dailypost NG