បាល់ទាត់អន្តរជាតិ
ធ្លាប់ល្អក់កករនឹងគ្នាមែន ប៉ុន្តែពេលនេះក្លឹប Napoli ត្រៀមចរចាកុងត្រាថ្មីជាមួយ Victor Osimhen

នាយកប្រតិបត្តិផ្នែកកីឡាកររបស់ក្លឹប Napoli គឺលោក Mauro Meluso បានបង្ហើបថា ក្លឹបនឹងធ្វើការពិភាក្សាលើការបន្តកុងត្រាថ្មីជាមួយ Victor Osimhen នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។ យ៉ាងណាមិញ កាលពីមួយរយៈមុន Osimhen មើលទៅហាក់មិនអាចមានផ្លូវវែងឆ្ងាយ ក៏ដូចជាមិនអាចបន្តកុងត្រាថ្មីជាមួយក្លឹបបច្ចុប្បន្នរបស់ខ្លួនឡើយ បន្ទាប់ពីមានរឿងអាស្រូវទាស់ទែងគ្នាពាក់ព័ន្ធនឹងការបង្ហោះវីដេអូសើចចំអកខ្សែប្រយុទ្ធរូបនេះនៅលើ TikTok។
ក្លឹបម្ចាស់ជើងឯក Serie A ក៏មិនសប្បាយចិត្តដែរ បន្ទាប់ពីកីឡាករនីហ្សេរីយ៉ារូបនេះ ត្រឡប់ពីបំពេញកាតព្វកិច្ចជាមួយក្រុមជម្រើសជាតិវិញដោយមានរបួសកាលពីសប្តាហ៍មុន។ ទោះជាយ៉ាងណាក៏ដោយលោក Mauro Meluso ដែលជាថ្នាក់ដឹកនាំម្នាក់របស់ក្លឹប បាននិយាយថា Napoli កំពុងរៀបចំផែនការ លើកិច្ចពិភាក្សាកុងត្រាជាមួយអ្នកតំណាងរបស់កីឡាករវ័យ 24 ឆ្នាំរូបនេះ នៅពីរបីសប្តាហ៍ខាងមុខ។
Mauro Meluso បាននិយាយថា ថ្នាក់ដឹកនាំរបស់ក្លឹប និង Osimhen ត្រៀមជួបចរចាគ្នាក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ ដែលវាពាក់ព័ន្ធជាមួយនឹងការបន្តកុងត្រាថ្មីលើកុងត្រាបច្ចុប្បន្នសម្រាប់កីឡាករឆ្នើមរូបនេះ។ គួរដឹងផងដែរថា កុងត្រាបច្ចុប្បន្នរបស់ Victor Osimhen មានសុពលភាពដល់ចុងបញ្ចប់នៃរដូវកាលឆ្នាំ 2025 ហើយប្រសិនបើគាត់មិនបន្តកុងត្រាថ្មីទេ នៅពេលនោះគាត់នឹងចាកចេញដោយគ្មានតម្លៃខ្លួន ក្នុងនាមជាកីឡាករដែលផុតកុងត្រា។
ប្រភព: Dailypost NG