Connect with us

បាល់ទាត់អន្តរជាតិ

តើ Pedri នឹង​ចាកចេញ​ទេ ប្រសិន​បើ PSG ចង់​បាន​គាត់? នេះ​ជា​ចម្លើយ​របស់​ខ្សែបម្រើ​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ

Published

on

ក្លឹប​យក្ស​បារាំង​ទើប​នឹង​បញ្ចប់​ការ​ចុះ​ហត្ថលេខា​ផ្ទេរ​តារា​ឆ្នើម Ousmane Dembele របស់​ក្លឹប​អ្នក​មាន​បុណ្យ Barcelona កាល​ពី​ពេល​ថ្មីៗ​នេះ ហើយ​បើ​ទោះ​បី​ជា​ការ​ប្រកាស​បញ្ជាក់​ជា​ផ្លូវការណ៍​មិន​ត្រូវ​បាន​បង្ហាញ​ក៏​ដោយ តែ​គេ​បាន​ដឹង​ថា ខ្សែប្រយុទ្ធ​ស្លាប​រូប​នេះ​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ទៅ​ហើយ​ក្នុង​ការ​ចាកចេញ​ទៅ​លេង​នៅ​ទឹកដី​កំណើត​របស់​ខ្លួន។

បន្ត​ពី​នោះ​មក​មាន​ពាក្យ​ចចាម​អារ៉ាម​ថា គ្រូ​បង្វឹក​លោក Luis Enrique ចង់​ចុះ​ហត្ថលេខា​លើ​ខ្សែបម្រើ​ម្នាក់​ទៀត​ពី Barcelona គឺ Pablo Gavi។ ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ដែរ មជ្ឈដ្ឋាន​បាល់​ទាត់​ក៏​បាន​ចោទសួរ​ថា ចុះ​បើ​ថ្ងៃ​ណា​មួយ Pedri នឹង​ក្លាយ​ជា​គោលដៅ​របស់ PSG ដែរ តើ​គាត់​នឹង​គិត​បែប​ណា?

ពាក់ព័ន្ធ​នឹង​ចម្លើយ​នៃ​សំណួរ​ដែល​ត្រូវ​បាន​លើក​ឡើង​ថា ប្រសិន​បើ PSG ចាប់​អារម្មណ៍​ចង់​បាន Pedri នោះ តើ​គាត់​គិត​យ៉ាង​ណា? ខ្សែបម្រើ​ឆ្នើម​របស់​អេស្ប៉ាញ​រូប​នេះ​បាន​និយាយ​ទៅ​កាន់ LaVanguardia ថា៖ “សម្រាប់​ការ​​នាំ​យក​ខ្ញុំ​ចេញ​ពី Barcelona នឹង​ត្រូវ​មាន​ហេតុផល​ជា​ច្រើន។ ពាក្យ​ចចាមអារ៉ាម​មិន​ដែល​និយាយ​ពី​ខ្ញុំ​ទេ ដោយ​សារ​ខ្ញុំ​ចង់​នៅ Barcelona។ ខ្ញុំ​នឹង​ស្នាក់​នៅ​ទីនេះ​ជាច្រើន​ឆ្នាំ​ទៀត នៅ​ក្លឹប​ក្នុង​ក្តី​ស្រមៃ​របស់​ខ្ញុំ។ គោលដៅ​របស់​ខ្ញុំ គឺ​ចង់​​ក្លាយ​ជា​កាពីតែន​ក្រុម​នាពេល​អនាគត…”។

គួរ​ដឹង​ផង​ដែរ​ថា បច្ចុប្បន្ន​កុងត្រា​របស់ Pedri ជាមួយ Barcelona នឹង​មាន​សុពលភាព​រហូត​ដល់ ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2026។ ខ្សែបម្រើ​វ័យ 20 ឆ្នាំ​រូប​នេះ គឺ​ជា​គ្រាប់​ពេជ្រ​ដ៏​មាន​តម្លៃ​បំផុត​របស់ Barcelona គិត​ចាប់​តាំង​ពី​ពេល​ដែល​ក្លឹប​យក្ស​កាតាឡាន់​មួយ​នេះ​បាន​ទិញ​យក​គាត់​មក​ពី UD Las Palmas កាល​ពី​ឆ្នាំ 2019 ជាមួយ​នឹង​តម្លៃ​ខ្លួន 5 លានអឺរ៉ូ​ប៉ុណ្ណោះ ហើយ​បច្ចុប្បន្ន​នេះ Pedri កើន​ឡើង​តម្លៃ​ផ្ទេរ​ចេញ​រហូត​ដល់ 100 លាន​អឺរ៉ូ។

ប្រភព: Fabrizio Romano

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២