Connect with us

បាល់ទាត់អន្តរជាតិ

Sergino Dest ប្រឈម​នឹង​ការ​បញ្ចប់​កុងត្រា​មុន​កំណត់ ប្រសិន​បើ​មិន​មាន​ក្លឹប​ណា​មួយ​ចង់​បាន​គាត់​ទេ​នោះ

Published

on

ខ្សែការពារ​ស្ដាំ​ដែល​ធ្លាប់​តែ​មាន​ទម្រង់​លេង​លេច​ធ្លោរ​ខ្លាំង​ជាមួយ​ក្លឹប AFC Ajax នោះ ពេល​នេះ​កំពុង​ប្រឈម​នឹង​ការ​បញ្ចប់​កុងត្រា​មុន​កំណត់​ពី​ក្លឹប​បច្ចុប្បន្ន​របស់​ខ្លួន។ កីឡាករ​សញ្ជាតិ​អាមេរិច​រូប​នេះ នៅ​មាន​កុងត្រា​នៅ Camp Nou រហូត​ដល់​ឆ្នាំ 2025 ប៉ុន្តែ Barcelona កំពុង​គិត​គូរ​ពី​ការ​បញ្ចប់​កុងត្រា​របស់​គាត់​មុន​កំណត់ ប្រសិន​បើ​មិន​មាន​ក្លឹប​ណា​មួយ​អាច​ចុះ​ហត្ថលេខា រឺ​ខ្ចី​ជើង​គាត់​ទេ​នោះ។

ខ្សែការពារ​ស្តាំ​វ័យ 22 ឆ្នាំ​រូប​នេះ​បាន​បញ្ចប់​ការ​ផ្ទេរ​ក្នុង​តម្លៃ 21 លានអឺរ៉ូ​ទៅ​កាន់​ក្លឹប Barcelona ក្នុង​ឆ្នាំ 2020 ហើយ​គិត​ចាប់​តាំង​ពី​ពេល​នោះ​មក​ទល់​នឹង​បច្ចុប្បន្ន គាត់​បាន​ចូល​លេង​ត្រឹមតែ 72 ប្រកួត​ប៉ុណ្ណោះ​សម្រាប់​ក្លឹប​យក្ស​កាតាឡាន់ និង​បាន​ចំណាយ​ពេល​ពេញ​មួយ​រដូវកាល 2022-2023 ជាមួយ​នឹង​ការ​​ខ្ចី​ជើង​ទៅ AC Milan។

ថ្មីៗ​នេះ Sergino Dest មាន​ឱកាស​បង្ហាញ​ខ្លួន​ជាមួយ Barceclona នៅ​ក្នុង​ការ​ប្រកួត​មុន​បើក​រដូវកាល ដោយ​លេង 15 នាទី​ចុងក្រោយ​នៃ​ការ​ប្រកួត EL Clasico ជាមួយ Real Madrid ក្នុង​ទីក្រុង Dallas ប៉ុន្តែ​ទម្រង់​លេង​របស់​គាត់​នៅ​តែ​មិន​អាច​ទាក់​ចិត្ត​គ្រូបង្វឹក​លោក Xavi Hernandez បាន ខណៈ​ដែល​ក្លឹប Barcelona ក៏​មិន​បាន​​​ទទួល​​ការ​ដេញ​ថ្លៃ​ពី​ក្លឹប​ណា​មួយ​ទៅ​លើ​កីឡាករ​រូប​នេះ​ដែរ។

យោងតាម​ការអះអាង​របស់​លោក Javi Miguel ដែល​ជា​អ្នក​កាសែត​របស់ AS បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ Barcelona កំពុង​ពិចារណា​លើ​ការ​បញ្ចប់​កុងត្រា​របស់ Sergino Dest មុន​កំណត់ ដើម្បី​អាច​យក​ផល​ចំណេញ​ពី​ការ​ដក​ប្រាក់​បៀវត្សរ៍​របស់​គាត់ មក​ចំណាយ​លើ​រឿង​ផ្សេងៗ​ទៀត​ដែល​ប្រសើរ​ជាង​នេះ។

ប្រភព: GOAL

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២