Connect with us

បាល់ទាត់អន្តរជាតិ

ប្រធាន​ក្លឹប Tottenham Hotspur មិន​អើពើ​នឹង​ការ​ដេញ​ថ្លៃ Harry Kane ទោះ​ទឹកប្រាក់​កើន​ឡើង​ដល់ 86 លានផោន​ក៏​ដោយ

Published

on

ប្រធានក្លឹប Tottenham Hotspur លោក Daniel Levy ត្រូវ​បាន​គេ​ដឹង​ថា មិន​អើពើ​នឹង​ក្លឹប Bayern Munich ដែល​ព្យាយាម​ចរចា​ដេញ​ថ្លៃ​លើ​ខ្សែប្រយុទ្ធ​របស់​ខ្លួន Harry Kane ឡើយ។ យ៉ាង​ណា​មិញ ក្លឹប​ម្ចាស់​ជើង​ឯក​អាឡឺម៉ង់ Bayern Munich បាន​ដេញ​ថ្លៃ​ជា​លើក​ទីពីរ​របស់​ពួកគេ​សម្រាប់ Harry Kane ប៉ុន្តែ​ត្រូវ​បាន​ច្រានចោល​ដោយ​ប្រធាន​ក្លឹប​កាល​ពី​ដើម​សប្តាហ៍​នេះ។

ទោះ​បី​ជា​យ៉ាងណា​ក៏​ដោយ Bayern Munich នៅ​តែ​មិន​បោះបង់ការ​ចង់​បានខ្សែប្រយុទ្ធ​ឆ្នើម​រូប​នេះ​ឡើយ ខណៈ​ដែល​គេ​ដឹង​ថា ពួក​គេ​នឹង​ត្រៀម​ការ​ដាក់​សំណើរ​ជា​លើក​ចុងក្រោយ ដែល​មាន​តម្លៃ​បំបែក​កំណត់​ត្រា 86 លានផោន។ យ៉ាង​ណា​ក៏​ដោយ យោងតាម​ការ​ចុះ​ផ្សាយ​របស់ Bild អាឡឺម៉ង់ បាន​​អះអាង​ថា Daniel Levy មិន​អើពើ​នឹង​ឱកាស​នៃ​ការ​លក់ Harry Kane ទៅ​ឲ្យ Bayern Munich នោះ​ឡើយ ហើយ​ប្រធាន​ក្លឹប​រូប​នេះ​ថែម​ទាំង​បាន​ធ្វើ​ដំណើរ​ទៅ Miami ដើម្បី​កម្សាន្ត​ជាមួយ​គ្រួសារ​របស់​ខ្លួន​ទៀត​ផង។

ក្លឹប Tottenham Hotspur នៅ​តែ​ព្យាយាម​បញ្ចុះ​បញ្ចូល​ខ្សែ​ប្រយុទ្ធ​ឆ្នើម Harry Kane ឲ្យ​ចុះ​កុងត្រា​ថ្មី​ជា​មួយ​ពួក​គេ​ជា​ច្រើន​ឆ្នាំ​ទៀត ប៉ុន្តែ​ត្រូវ​បាន​កីឡាករ​សញ្ជាតិ​អង់គ្លេស​រូប​នេះ​បដិសេធ។ ប្រសិន​បើ Harry Kane មិន​បន្ត​កុងត្រា​ថ្មី​ទេ​នោះ គាត់​នឹង​ក្លាយ​ជា​កីឡាករ​ដែល​គ្មាន​តម្លៃ​ខ្លួន​នៅ​ឆ្នាំ​ក្រោយ។ មជ្ឈដ្ឋាន​បាល់ទាត់​បាន​មើល​ឃើញ​ថា ប្រសិន​បើ Tottenham Hotspur លក់ Harry Kane គឺ​ជា​ជម្រើស​ដ៏​ល្អ​បំផុត ជាជាង​ការ​ទុក​គាត់​ឲ្យ​ផុត​កុងត្រា ហើយ​ចាកចេញ​ដោយ​មិន​បាន​ប្រាក់​សូម្បី​មួយ​រៀល។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២