បាល់ទាត់អន្តរជាតិ
Maguire និង Scott McTominay នឹងមិនទាន់ចាកចេញពីបិសាចក្រហមនៅរដូវក្ដៅនេះទេ

ខ្សែការពារ Harry Maguire និងខ្សែបម្រើ Scott McTominay ត្រូវបានគេរាយការណ៍ថា នឹងស្នាក់នៅជាមួយ Manchester United បន្តទៀត ដែលផ្ទុយពីពាក្យចចាមអារ៉ាមកន្លងមកដែលលើកឡើងថា អ្នកទាំងពីរ នឹងចាកចេញពី Old Trafford នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ។
ទាំង Harry Maguire និង Scott McTominay សុទ្ធតែធ្លាក់ចុះនូវទម្រង់លេង និងលែងក្លាយជាកីឡាករសំខាន់របស់បិសាចក្រហម កាលពីរដូវកាលមុន។ សម្រាប់ខ្សែការពារសញ្ជាតិអង់គ្លេស Harry Maguire ស្ទើរតែមិនបានលេងទាំងស្រុងទៅហើយ ក្នុងប្រព័ន្ធខ្សែការពារកណ្តាលរបស់លោក Erik ten Hag ខណៈដែល McTominay ក៏មិនដូចខុសគ្នាដែរ ព្រោះគាត់ជាជម្រើសខ្សែបម្រើដែលនៅក្រោយ Bruno Fernandes, Casemiro និង Christian Eriksen។
យ៉ាងណាមិញ Manchester United ត្រូវបានគេរំពឹងថា នឹងចុះហត្ថលេខាលើខ្សែបម្រើម្នាក់ទៀត មុនពេលទីផ្សារដោះដូរកីឡាករបិទ ដោយម្នាក់នោះអាចជា Sofyan Amrabat របស់ Fiorentina, Aurelien Tchouameni របស់ Real Madrid រឺ Leon Goretzka របស់ Bayern Munich។
ថ្វីត្បិតតែការប្រជែងតំណែងលេងកាន់តែលំបាកក៏ដោយ យោងតាមរបាយការណ៍ពី Football Insider បានឲ្យដឹងថា Harry Maguire និង Scott McTominay មិនត្រូវបានបង្ខំឲ្យចាកចេញពី Man United នៅរដូវក្តៅនេះទេ។ កីឡាករទាំងពីររូបនេះអាចបន្តស្នាក់នៅក្លឹបបច្ចុប្បន្នរបស់ខ្លួនបន្តទៀត ប្រសិនបើគាត់មិនទាន់ចង់ចាកចេញ បើទោះបីជាបិសាចក្រហមដឹងថា ការលក់កីឡាករទាំងពីររូបនេះ អាចជួយឲ្យពួកគេអាចប្រមូលថវិការទៅចុះហត្ថលេខាលើកីឡាករថ្មីៗបន្ថែមទៀតក៏ដោយ។
ប្រភព: Sportsmole