Connect with us

បាល់ទាត់អន្តរជាតិ

កីឡាករ​វ័យ​ក្មេង​ល្អ​បំផុត​ទាំង 5 រូប ដែល​នឹង​រះចែងចាំង​កាន់​តែ​ខ្លាំង​នៅ Premier League រដូវកាល​ថ្មី

Published

on

ពី​មួយ​រដូវកាល​ទៅ​មួយ​រដូវកាល Premier League តែង​នាំ​មក​នូវ​កីឡាករ​​ក្មេងៗ​ដែល​មាន​ទេពកោសល្យ​​អស្ចារ្យ និង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជា​ច្រើន។ នៅ​ខណៈ​ពេល​ដែល​យើង​កំពុង​ត្រៀម​ខ្លួន​សម្រាប់​ការ​បើក​យុទ្ធ​នា​រដូវកាល​ឆ្នាំ 2023-2024 ក្រុម​ការងារ​យើង​​នឹង​លើក​យក​ការ​​ចាប់​អារម្មណ៍​កីឡាករ​វ័យ​ក្មេង​ដែល​មាន​ទេពកោសល្យ 5 នាក់ ដែល​អាច​នឹង​លេចធ្លោរ​កាន់​តែ​ខ្លាំង​នៅ​លីគ​កំពូល​របស់​អង់គ្លេស​រដូវកាល​ថ្មី​ខាង​មុខ។

1. Alejandro Garnacho (ក្លឹប Manchester United)

នៅ​ពេល​ដែល​យើង​និយាយ​ពី​កីឡាករ​វ័យ​ក្មេង យើង​មិន​អាច​រំលង Alejandro Garnacho បាន​ឡើយ។ ខ្សែ​ប្រយុទ្ធ​ស្លាប​សញ្ជាតិ​អាហ្សង់ទីន​រូប​នេះ​មាន​វ័យ​ត្រឹម​តែ 19 ឆ្នាំ​ប៉ុណ្ណោះ ប៉ុន្តែ​ទេពកោសល្យ​របស់​គាត់​មិន​ត្រឹមតែ​អាច​លេច​ធ្លោរ​ខ្លាំង​នៅ​រដូវកាល​ថ្មី​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​អនាគត​កីឡាករ​ឆ្នើម​មួយ​រូប​ផង​ដែរ។

2. Bukayo Saka (ក្លឹប​កាំភ្លើងធំ Arsenal)

ក្នុង​វ័យ 21 ឆ្នាំ​ប៉ុណ្ណោះ Bukayo Saka បាន​ក្លាយ​ជា​តួអង្គ​ដ៏​សំខាន់​សម្រាប់​ក្លឹប​កាំភ្លើងធំ Arsenal។ នៅ​រដូវកាល​មុន ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស​រូប​នេះ បាន​ជួយ​ឲ្យ​ក្លឹប​ក្លាយ​ជា​ជើង​ឯក​រង​ប្រចាំ Premier League ដោយ​ស៊ុត​បញ្ចូលទី​បាន 14 គ្រាប់ និង 11 Assists។

3. Julian Alvarez (ក្លឹប Manchester City)

Julian Alvarez គឺ​ជា​ខ្សែ​ប្រយុទ្ធ​កណ្ដាល​ដ៏​មាន​ទេពកោសល្យ​បំផុត​មួយ​រូប ដែល​ទើប​នឹង​ប្រឡូក​ក្នុង​ទឹកដី Premier League មួយ​រដូវកាល​ប៉ុណ្ណោះ។ ថ្វី​ត្បិតតែ Julian Alvarez មិន​មែន​ជា​ជម្រើស​ដំបូង​របស់​ក្លឹប​ក៏​ដោយ ប៉ុន្តែ​គាត់​តែងតែ​បង្ហាញ​នូវ​គុណភាព​លើ​ទីលាន​មិន​ចាញ់​កីឡាករ​ឆ្នើមៗ​ផ្សេង​ទៀត​នោះ​ទេ។ អាយុ​ត្រឹម 23 ឆ្នាំ Julian Alvarez បាន​ស្គាល់​ពាន​សព្វ​គ្រប់​អស់​ទៅ​ហើយ​ទាំង​ពាន Premier League, UCL និង​ជា​ពិសេស​ពាន​រង្វាន់​​បាល់ទាត់​ពិភពលោក FIFA World Cup 2022។

4. Moises Caicedo (ក្លឹប Brighton)

Caicedo បាន​រីករាយ​ជាមួយ​នឹង​រដូវកាល​ដ៏​អស្ចារ្យ​ជាមួយ Brighton កាល​ពី​ឆ្នាំ​មុន។ បច្ចុប្បន្ន​មាន​ក្លឹប​ធំៗ​ជា​ច្រើន​ចង់​បាន​គាត់​ជា​ពិសេស Arsenal និង Chelsea។ ខ្សែបម្រើ​សញ្ជាតិ​អេក្វាឌ័រ​រូប​នេះ​មាន​វ័យ 21 ឆ្នាំ​ប៉ុណ្ណោះ ប៉ុន្តែ​តម្លៃ​ខ្លួន​របស់​គាត់​កើន​ឡើង​រហូត​ដល់ 75 លាន​អឺរ៉ូ (ផ្អែកតាម Transfermarkt)។

5. William Saliba (ក្លឹប​កាំភ្លើងធំ Arsenal)

កត្តា​ដ៏​ធំ​បំផុត​ដែល​រារាំង​ការ​ប្រជែង​ដណ្តើម​ពាន​របស់ Arsenal ជាមួយ Man City កាល​ពី​រដូវកាល​មុន គឺ​របួស​របស់​កីឡាករ​វ័យ 22 ឆ្នាំ William Saliba នៅ​ពាក់​កណ្តាល​ខែ​មីនា។ ដំបូង​ឡើយ Arsenal មាន 5 ​ពិន្ទុ​ដាច់​ពី​លើ Man City ប៉ុន្តែ​នៅ​ពេល​ដែល​កីឡាករ​សញ្ជាតិ​បារាំង​រូប​នេះ​របួស​មិន​អាច​ចូល​លេង​បាន ទើប​យើង​ដឹង​ថា គាត់​ជា​ខ្សែការពារ​ល្អ​ប៉ុណ្ណា​សម្រាប់​ក្លឹប​បច្ចុប្បន្ន​របស់​ខ្លួន។

ប្រភព: Footballcoin

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២