បាល់ទាត់អន្តរជាតិ
ក្លឹបមួយនៅអារ៉ាប៊ីសាអូឌីត កំពុងទាក់ទងចង់បាន Ansu Fati

អ្នកកាសែតល្បីឈ្មោះលោក Javi Miguel បានបង្ហើបថា ក្លឹបមួយមកពីមជ្ឈិមបូព៌ាបានបង្ហាញចំណាប់អារម្មណ៍លើកីឡាករ Ansu Fati របស់ Barcelona។ យ៉ាងណាមិញក្លឹបយក្សកាតាឡាន់ ត្រូវបានគេដឹងថា នឹងបើកចិត្តលក់ខ្សែប្រយុទ្ធវ័យក្មេងរូបនេះ ដោយហេតុផលហិរញ្ញវត្ថុរបស់ពួកគេនៅតែជាបញ្ហាចោទ និងត្រូវដោះស្រាយ។
ក្នុងរយៈពេលប៉ុន្មានខែមុននេះ កីឡាករកំពូលៗជាច្រើននៅតំបន់អឺរ៉ុប បានផ្លាស់ទៅអារ៉ាប៊ីសាអូឌីត សូម្បីតែក្លឹប Barcelona ក៍បានបញ្ជូន Frank Kessie ឲ្យទៅទីនោះដែរ ដោយចូលរួមជាមួយក្លឹប Al-Ahli។ ដូចគ្នានេះដែរ Ansu Fati ក៏អាចនឹងមានវាសនាដូច Frank Kessie ដែរ ខណៈដែលគាត់ ត្រូវបានគ្រូបង្វឹកលោក Xavi Hernandez ចាត់ទុកត្រឹមជាកីឡាករបម្រុងតែប៉ុណ្ណោះ។
កាលពីម្សិលមិញនេះ មានសេចក្ដីរាយការណ៍មួយបានលើកឡើងថា PSG ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Fati ហើយលោក Luis Enrique ដែលជាគ្រូបង្វឹកនៅទីនោះ មានជំនឿចិត្តថា នឹងអាចកែច្នៃសមត្ថភាពរបស់គាត់ឲ្យលេចធ្លោរខ្លាំងនៅទីក្រុងប៉ារីស។ ទន្ទឹមនឹងនេះដែរ អារ៉ាប៊ីសាអូឌីត មិនមែនជាជម្រើសរបស់ Fati ទេ ប៉ុន្តែជាលទ្ធផល ពួកគេបានព្យាយាមទាក់ទងគាត់ដោយផ្ដល់ប្រាក់បៀវត្សរ៍ខ្ពស់ និងជូនសំណើរដ៏ល្អមួយសម្រាប់ Barcelona ដើម្បីឲ្យកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះទៅចូលរួមជាមួយពួកគេ។
ប្រភព: Khelnow