បាល់ទាត់អន្តរជាតិ
អ្នកគាំទ្រមួយចំនួនរបស់ FC Dallas រិះគន់កីឡាកររបស់ខ្លួនដែលសុំថតរូបជាមួយ Messi

កីឡាកររបស់ក្លឹប FC Dallas ត្រូវបានអ្នកគាំទ្ររបស់ខ្លួនមួយចំនួនរិះគន់ ចំពោះការព្យាយាមថតរូបជាមួយតារាឆ្នើម Lionel Messi របស់ក្លឹប Inter Miami។ យ៉ាងណាមិញ ក្រុមទាំងពីរបានប្រជែងគ្នាដណ្តើមកៅអីឡើងទៅវគ្គបន្ទាប់នៃពានរង្វាន់ Leagues Cup ដ៏ស្វិតស្វាញ ហើយជាចុងក្រោយ Inter Miami បានយកឈ្នះ FC Dallas តាមរយៈបាល់ប៉េណាល់ទីកាត់សេចក្ដី។
ដោយឡែក Lionel Messi ដែលជាកាពីតែនក្រុមរបស់ Inter Miami គឺជាតួអង្គដ៏សំខាន់នៅក្នុងការប្រកួតនោះ ខណៈដែលគាត់គឺអ្នកស៊ុតគ្រាប់បាល់បើកឆាកនៅក្នុងការប្រកួត និងស៊ុតគ្រាប់បាល់ទី 4 ជាបាល់ហ្វ្រីឃីកយ៉ាងល្អ ដើម្បីតាមស្មើគូប្រជែង FC Dallas 4 ទល់នឹង 4 ហើយក៏មានឱកាសឈានដល់ការប៉េណាល់ទីយកឈ្នះតែម្ដង។
ក្រោយការប្រកួតបញ្ចប់ទៅ កីឡាករអាហ្សង់ទីន Alan Velasco បានប្ដូរអាវជាមួយ Messi ហើយកីឡាករផ្សេងទៀតរបស់ FC Dallas បានសុំថតរូបជាមួយតារាឆ្នើម Lionel Messi ផងដែរ។ ទង្វើនេះបានធ្វើឲ្យមានការប្រតិកម្មពីអ្នកគាំទ្រមួយចំនួនរបស់ក្លឹប FC Dallas ដោយអ្នកខ្លះបានលើកឡើងថា “ពួកគេនៅមានអារម្មណ៍ចង់ថតរូបជាមួយ Messi ទៀត បន្ទាប់ពីគាត់ទើបតែយកឈ្នះពួកគេ”? អ្នកគាំទ្រម្នាក់ទៀតបាននិយាយថា “អ្នកធ្លាក់ចេញពីការប្រកួតដោយសារតែបុរសម្នាក់នោះ ប៉ុន្តែបែរជាថតរូបជាមួយគេ! នេះគឺជារឿងដែលមិនធ្លាប់មានឡើយ”។
ប្រភព: Mirror