Connect with us

បាល់ទាត់អន្តរជាតិ

Jose Mourinho ប្រាប់​ក្លឹប​របស់​ខ្លួន​ឲ្យ​ចុះ​ហត្ថលេខា​លើ​ខ្សែ​ប្រយុទ្ធ​មួយ​រូប​របស់​តោខៀវ Chelsea

Published

on

លោក Jose Mourinho ដែល​ជា​គ្រូ​បង្វឹក​របស់​ក្លឹប AS Roma ត្រូវ​បាន​គេ​ដឹង​ថា ចង់​ឲ្យ​ក្លឹប​របស់​ខ្លួន ចុះ​ហត្ថលេខា​លើ​ខ្សែប្រយុទ្ធ​មួយ​រូប​របស់​ក្លឹប​តោខៀវ Chelsea នៅ​រដូវក្ដៅ​នេះ គឺ​កីឡាករ Armando Broja (នេះ​បើ​យោងតាម​របាយការណ៍ ដែល​បាន​​អះអាង​ដោយ​លោក Gianluca Di Marzio)។

យ៉ាង​ណា​មិញ Jose Mourinho កំពុង​សម្លឹង​មើល​ការ​នាំ​យក​ខ្សែប្រយុទ្ធ​កណ្ដាល​ថ្មី​ម្នាក់​ទៀត បន្ទាប់​ពី Tammy Abraham ដែល​ជា​អតីត​ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប Chelsea ដែរ​នោះ ត្រូវអវត្តមាន​រយៈពេល​យូរ បន្ទាប់​ពី​រង​របួស ACL។ នៅ​រដូវក្ដៅ​នេះ AS Roma បាន​បង្ហាញ​សកម្មភាព​ជា​ខ្លាំង ក្នុង​ការ​ចុះ​ហត្ថលេខា​លើ​កីឡាករ​ចំណូល​ថ្មី​ដោយ​ពួក​គេ​បាន​នាំ​យក Evan Ndicka, Houssem Aouar, Leandro Paredes និង Renato Sanches (ខ្ចីជើង)។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពេល​នេះ​ពួក​គេ​ប្រហែល​ជា​កំពុង​ត្រៀម​នាំ​យក​ខ្សែប្រយុទ្ធ​ម្នាក់​ទៀត​ពី Chelsea គឺ​កីឡាករ Armando Broja។ កាល​ពី​រដូវកាល​មុន ខ្សែប្រយុទ្ធ​រូប​នេះ​បាន​ជួប​នឹង​បញ្ហា​របួស ហើយ​បង្ហាញ​ខ្លួន​ត្រឹមតែ 18 ប្រកួត​ប៉ុណ្ណោះ​សម្រាប់​តោខៀវ Chelsea។ ថ្វី​ត្បិត​តែ​បង្ហាញ​ខ្លួន​បាន​តិច​តួច​ក៏​ដោយ កីឡាករ​សញ្ជាតិ​អាល់បានី​រូប​នេះ នៅ​តែ​អាច​ស៊ុត​បញ្ចូលទី​បាន​មួយ​គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន​ម្ដង ក្នុង​ការ​ប្រកួត​ក្របខណ្ឌ Premier League។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២