បាល់ទាត់អន្តរជាតិ
Cristiano Ronaldo ស៊ុត Hat-trick ពេលលេងតទល់នឹង Akanji ប៉ុន្តែខ្សែការពាររូបនេះថា កីឡាករដែលគាត់ពិបាកបិទបំផុតគឺ…

ខ្សែការពារកណ្ដាល Manuel Akanji របស់ក្លឹបមេឃខៀវ Man City បច្ចុប្បន្នត្រូវបានគេចាត់ទុកជាកីឡាករល្អបំផុតមួយរូបនៅក្នុងពិភពបាល់ទាត់។ កាលពីរដូវកាលមុន គាត់បានក្លាយជាចំណែកមួយដ៏សំខាន់នៃការលើកពាន UCL ដំបូងក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប Man City ទៀតផង។
យ៉ាងណាមិញ អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់ចង់ដឹងហើយថា តើខ្សែការពារឆ្នើមរូបនេះ ចាត់ទុកខ្សែប្រយុទ្ធរូបណា ជាកីឡាករល្អបំផុត និងពិបាកទប់ទល់បំផុត? Manuel Akanji មិនបានលាក់បាំងពីរឿងនេះឡើយ ដោយក្នុងអំឡុងពេល 3 ឆ្នាំមុន ពេលលេងឲ្យក្លឹប Borussia Dortmund គាត់បានជ្រើសរើស Messi ជាកីឡាករដែលគាត់ពិបាកបិទបំផុត។
នៅពេលដែលត្រូវបានសួរសំណួរថា តើខ្សែប្រយុទ្ធល្អបំផុតរូបណា ដែលអ្នកធ្លាប់លេងតទល់ជាមួយ? មិនបង្អង់យូរ Manuel Akanji បាននិយាយថា៖ “Lionel Messi ប្រសិនបើអ្នកអាចចាត់ទុកគាត់ជាខ្សែប្រយុទ្ធ ហើយក៏កីឡាករល្អបំផុតដែលខ្ញុំបានលេងតទល់ជាមួយ”។ អ្នកធ្វើបទសម្ភាសន៍ក៏សួរទៀតថា “តើអ្នកធ្លាប់លេងតទល់នឹង Cristiano Ronaldo ទេ”? Manuel Akanji បានឆ្លើយតបថា៖ “បាទ! ធ្លាប់ ពេលនោះគាត់ស៊ុតបញ្ចូលទី Hat-trick។ ប៉ុន្តែពេលនេះខ្ញុំនិយាយពី កីឡាករដែលខ្ញុំគិតថាវាពិបាកក្នុងការការពារជាងគឺ Messi ដោយសារតែគាត់តែងតែធ្វើបានល្អពេលគ្រប់គ្រងបាល់”។
ខ្សែការពាររបស់ក្លឹប Man City រូបនេះបានបន្ថែមទៀតថា៖ “Cristiano Ronaldo ស៊ុតបញ្ចូលទីដ៏អស្ចារ្យមិនគួរឲ្យជឿ ហើយយើងពិបាកបញ្ឈប់គាត់នៅក្នុងប្រអប់គ្រោះថ្នាក់។ ប៉ុន្តែខ្ញុំយល់ថា Messi គឺជាកីឡាករដែលចល័តគ្រប់ទីកន្លែងនៅលើទីលាន។ គាត់ពិបាកក្នុងការបញ្ឈប់។ ជម្រើសមួយក្នុងចំណោមកីឡាករទាំងពីរគឺ Lionel Messi”។
ប្រភព: Borussia Dortmund