បាល់ទាត់អន្តរជាតិ
West Ham United ត្រៀមចរចាជាលើកចុងក្រោយ ដើម្បីផ្ទេរ Harry Maguire
ក្លឹបញញួរធំ West Ham United ត្រូវបានគេអះអាងថា បានបើកការចរចាជាថ្មីម្ដងទៀត ដើម្បីចុះហត្ថលេខាលើខ្សែការពារកណ្តាល Harry Maguire របស់ក្លឹបបិសាចក្រហម Manchester United។ West Ham បានត្រូវរូវគ្នាជាមួយបិសាចក្រហមលើតម្លៃផ្ទេរ 30 លានផោន ដើម្បីចុះហត្ថលេខាជាមួយកីឡាករសញ្ជាតិអង់គ្លេសរូបនេះ។
ទោះជាយ៉ាងណាក៏ដោយ ទីបំផុតកិច្ចព្រមព្រៀងបានបរាជ័យ ខណៈដែល Harry Maguire មិនបានយល់ព្រមលើលក្ខខណ្ឌនៃការចាកចេញជាមួយ Manchester United ឡើយ ហើយក្លឹបញញួរធំ West Ham United ក៏បានបោះបង់ការចង់បានរបស់ខ្លួន។ ជាលទ្ធផលខ្សែការពារកណ្ដាលរូបនេះត្រូវបានគេមើលឃើញថា នឹងស្នាក់នៅ Old Trafford មួយរដូវកាលទៀត។
ផ្ទុយមកវិញនៅពេលនេះ ការចាកចេញរបស់ Harry Maguire មិនទាន់ចប់សព្វគ្រប់នោះទេ ស្របពេលដែលថ្មីៗនេះកាសែត The Sun បានចុះផ្សាយឲ្យដឹងថា ពេលនេះក្លឹប West Ham United បានបន្តការពិភាក្សាជាមួយ Manchester United ជាថ្មីម្ដងទៀតជុំវិញការផ្ទេរ Harry Maguire ដែលអាចសម្រេចបាននាពេលឆាប់ៗខាងមុខនេះ។
ប្រភព: Sportsmole