បាល់ទាត់អន្តរជាតិ
Messi នឹងខកខានយ៉ាងហោចណាស់ 3 ប្រកួតជាមួយ Inter Miami

កាពីតែនក្រុមរបស់ Inter Miami គឺកីឡាករ Lionel Messi នឹងខកខានការប្រកួតចំនួន 3 ក្នុងក្រុមរបស់គាត់នៅខែកញ្ញាខាងមុខនេះ ដោយសារគាត់ត្រូវបានកោះហៅឲ្យចូលលេងជាមួយក្រុមជម្រើសជាតិអាហ្សង់ទីន សម្រាប់ការប្រកួតជម្រុះ World Cup ដែលចាប់ផ្តើមនៅសប្តាហ៍ក្រោយ។
យ៉ាងណាមិញ ការអះអាងនេះ គឺជាក់លាក់ ព្រោះវាជាការបញ្ជាក់ពីគ្រូបង្វឹករបស់ក្លឹប Inter Miami ផ្ទាល់ គឺលោក Tata Martino។ គ្រូបង្វឹកវ័យ 60 ឆ្នាំរូបនេះ បាននិយាយពីអវត្តមានរបស់ Messi បន្ទាប់ពីការទទួលជ័យជម្នះ 2-0 របស់ Inter Miami ទៅលើ New York Red Bulls កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។
ក្លឹប Inter Miami នឹងត្រូវប្រកួតជាមួយ LAFC, Sporting KC, Atlanta United, Toronto, Orlando City និង Houston Dynamo នៅខែក្រោយ ហើយក្នុងចំណោមប្រកួតទាំងនោះ Messi នឹងមិនអាចបង្ហាញខ្លួនយ៉ាងហោចណាស់ 3 ប្រកួត ខណៈដែលគាត់នឹងត្រូវជួយអាហ្សង់ទីនសម្រាប់ការប្រកួតជាមួយអេក្វាឌ័រ និងបូលីវី នៅក្នុងអំឡុងពេលនោះ។ បន្ទាប់មកទៀតនៅខែតុលា អាហ្សង់ទីនក៏មានការប្រកួតជាមួយប៉ារ៉ាហ្គាយ និងប៉េរូផងដែរ ហើយពួកគេនឹងត្រូវការកាពីតែនក្រុម Lionel Messi ជាចាំបាច់។
ប្រភព: Dailypost NG