Connect with us

បាល់ទាត់អន្តរជាតិ

Barcelona បើក​ភ្លើង​ខៀវ​ភ្លាមៗ ក្រោយ​លឺ​ថា បិសាចក្រហម​ចង់​បាន​ខ្សែការពារ​ឆ្វេង​រូប​នេះ

Published

on

ក្លឹប​បិសាចក្រហម Manchester United ត្រូវ​បាន​គេ​ដឹង​ថា កំពុង​ស្វែងរក​ជម្រើស​ខ្សែការពារ​ឆ្វេង​យ៉ាង​បន្ទាន់ ហើយ​ជា​លទ្ធផល ពួក​គេ​កំពុង​ត្រៀម​ចុះ​ហត្ថលេខា​លើ​ Marcos Alonso របស់ Barcelona។ យ៉ាង​ណា​មិញ​យោងតាម​របាយការណ៍​ចុង​ក្រោយ​មួយ​ពី​អ្នក​កាសែត​លោក Fabrizio Romano បាន​ឲ្យ​ដឹង​ថា ក្លឹប​យក្ស​កាតាឡាន់​បាន​បើក​ភ្លើង​ខៀវ​ក្នុង​ការ​លក់​ខ្សែការពារ​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ​ទៅ​ឲ្យ​បិសាចក្រហម​ហើយ។

លោក Erik ten Hag ដែល​ជា​គ្រូ​បង្វឹក​របស់​ក្លឹប សង្ឃឹម​ថា​នឹង​អាច​នាំ​យក​ខ្សែ​ការពារ​ឆ្វេង​ថ្មី​មួយ​រូប ឲ្យ​បាន​មុន​ពេល​កំណត់​នៃ​ការ​បិទទីផ្សារ​ដោះដូរ​កីឡាករ​នៅ​សប្តាហ៍​ក្រោយ ស្រប​ពេល​ដែល​គាត់​បាន​​បាត់​បង់​កូន​ក្រុម​របស់​ខ្លួន​ពីរ​នាក់​ដោយ​សារ​របួស​គឺ Tyrell Malacia និង Luke Shaw។

ខ្សែការពារ​សញ្ជាតិ​អង់គ្លេស Luke Shaw ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ត្រូវ​អវត្តមាន​រហូត​ដល់​ខែ​វិច្ឆិកា ហើយ Tyrell Malacia ក៏​នឹង​អវត្តមាន​រហូត​ដល់​ពេល​នោះ​ដូចគ្នា។ គេ​បាន​ដឹង​ថា បិសាចក្រហម បាន​ទាក់​ទងចង់បាន Marc Cucurella របស់ Chelsea និង Sergio Reguilon របស់ Tottemham Hotspur ប៉ុន្តែ​យោង​តាម​របាយការណ៍​ពី Daily Telegraph បាន​ឲ្យ​ដឹង​ថា Marcos Alonso ក៏​ជា​បេក្ខភាព​ដែល​បិសាចក្រហម​ចង់​បាន​ផង​ដែរ។

Marcos Alonso ធ្លាប់​មាន​បទពិសោធន៍​លេង​នៅ Premier League ស្រាប់ មុន​ពេល​កីឡាករ​វ័យ 32 ឆ្នាំ​រូប​នេះ​បានចាកចេញ​ទៅ Barcelona កាល​ពី​រដូវក្តៅ​ឆ្នាំ​មុន។ ការ​ចង់​បាន Marcos Alonso ប្រហែល​ជា​ងាយ​ជាង​កីឡាករ​ផ្សេងៗ​ព្រោះ Barcelona ក៏​មិន​សូវ​ចាត់​ទុក​កីឡាករ​រូប​នេះ​ជា​ជម្រើស​ដ៏​សំខាន់​របស់​ខ្លួន​ដែរ ខណៈ​ដែល​ខ្សែការពារ​ឆ្វេង​របស់​ពួក​គេ​មាន Alejandro Balde ជា​បេក្ខភាព 11 នាក់​ដំបូង​យ៉ាង​ល្អ​រួច​ទៅ​ហើយ។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២