បាល់ទាត់អន្តរជាតិ
Erling Haaland នឹងក្លាយជាកីឡាករដែលមានប្រាក់ខែខ្ពស់ជាងគេប្រចាំ Premier League

ក្លឹបមេឃខៀវ Manchester City ត្រូវបានគេរាយការណ៍ថា កំពុងរៀបចំបើកការពិភាក្សាជាមួយ Erling Haaland លើការបន្តកុងត្រាថ្មី ដែលក្នុងកុងត្រានោះនឹងធ្វើឲ្យគាត់ក្លាយជាកីឡាករដែលមានប្រាក់ខែច្រើនជាងបំផុត ក្នុងចំណោមកីឡាករទាំងអស់នៅក្នុងក្របខ័ណ្ឌ Premier League។
កីឡាករវ័យ 23 ឆ្នាំរូបនេះបានស៊ុតបញ្ចូលទីសរុបបាន 58 គ្រាប់ និង Assist 10 ដង ក្នុងការបង្ហាញខ្លួន 59 ប្រកួតជាមួយ Manchester City ចាប់តាំងពីបានផ្ទេរពីក្លឹប Borussia Dortmund នៅរដូវក្តៅឆ្នាំ 2022។ Haaland គឺជាគន្លឹះនៃភាពជោគជ័យ និងការឈ្នះពាន 3 ក្នុងមួយរដូវកាលរបស់លោក Pep Guardiola កាលពីរដូវកាលមុន ដោយស៊ុតបញ្ចូលទីបាន 52 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន 9 ដងក្នុងការបង្ហាញខ្លួន 53 ប្រកួត នៅគ្រប់ព្រឹត្តិការណ៍នៃការប្រកួតទាំងអស់របស់ក្លឹប។
កីឡាករសញ្ជាតិន័រវេសរូបនេះ នៅតែមានទម្រង់លេងដ៏លេចធ្លោរនៅរដូវកាលនេះ និងទើបតែបានស៊ុតបញ្ចូលទី Hat-trick កាលពីប៉ុន្មានថ្ងៃមុន ក្នុងការប្រកួតតទល់នឹងក្លឹប Fulham ដែលជាការប្រកួត Premier League។ Haaland នៅសល់កុងត្រារយៈពេល 4 ឆ្នាំទៀត ជាមួយក្លឹបបច្ចុប្បន្នរបស់ខ្លួន ប៉ុន្តែ Man City នៅតែមិនទុកចិត្តថា ខ្សែប្រយុទ្ធឆ្នើមរូបនេះនឹងបន្តនៅជាមួយពួកគេរយៈពេលយូររឺអត់ ស្របពេលដែលក្លឹប Real Madrid តែងតែស្វែងរកឱកាសចង់នាំយកគាត់ទៅ Santiago Bernabeu។
យោងតាមកាសែត The Sun បានឲ្យដឹងថា Man City បានរកឃើញវិធីដើម្បីរក្សាទុកខ្សែប្រយុទ្ធរូបនេះឲ្យបានយូរ ដោយគ្រោងនឹងបើកការពិភាក្សាជាមួយអ្នកតំណាងរបស់គាត់អំពីការបន្តកុងត្រាថ្មី និងតម្លើងប្រាក់ខែឲ្យខ្ពស់ជាងមុន។ របាយការណ៍ដដែលនេះដែរបានអះអាងថា Haaland អាចត្រូវបានផ្តល់ជូនប្រាក់ពលកម្ម 550,000 ផោន ក្នុងមួយសប្តាហ៍ ដែលនឹងនាំគាត់រកបានចំណូលលើសពីមិត្តរួមក្រុម Kevin De Bruyne ហើយក៏ធ្វើឲ្យគាត់ក្លាយជាកីឡាករដែលរកបានចំណូលច្រើនជាងគេប្រចាំក្របខណ្ឌកំពូលរបស់អង់គ្លេស Premier League ផងដែរ។
ប្រភព: Sportsmole