បាល់ទាត់អន្តរជាតិ
Antony នឹងមិនអាចបង្ហាញខ្លួននៅក្នុងការប្រកួតរបស់ Man United រហូតដល់ការស៊ើបអង្កេតជាក់លាក់មួយត្រូវបានលាតត្រដាង

ខ្សែប្រយុទ្ធ Antony របស់បិសាចក្រហម Manchester United នឹងមិនអាចបង្ហាញខ្លួនសម្រាប់ការប្រកួតរបស់ក្លឹប រហូតដល់ពេលវេលាមួយ ដែលមានការជូនដំណឹងបន្ថែមច្បាស់លាស់ ស្របពេលដែលកីឡាករសញ្ជាតិប្រេស៊ីលរូបនេះមានការចោទប្រកាន់ពីបទវាយធ្វើបាបអតីតមិត្តស្រីរបស់ខ្លួន។
កីឡាករវ័យ 23 ឆ្នាំ Antony ត្រូវបានអតីតមិត្តស្រីរបស់ខ្លួនឈ្មោះ Gabriela Cavallin បានអះអាងថា គាត់បានវាយធ្វើបាបនាង ខណៈដែលស្ត្រីពីរនាក់ផ្សេងទៀតក៏បានចេញមកធ្វើការចោទប្រកាន់បន្ថែមទៀតទៅលើកីឡាកររូបនេះផងដែរ។ កាលពីប៉ុន្មានថ្ងៃមុន សហព័ន្ធបាល់ទាត់ប្រេស៊ីលបានដកឈ្មោះ Antony ចេញពីក្រុមជម្រើសជាតិ ដោយប៉ូលីសស៊ីវិលនៅ Sao Paulo និងប៉ូលីស Greater Manchester បច្ចុប្បន្នកំពុងធ្វើការស៊ើបអង្កេតយ៉ាងសកម្មលើបទល្មើសរបស់គេ។
សេចក្តីថ្លែងការណ៍របស់ក្លឹបបិសាចក្រហម Manchester United កាលពីសប្តាហ៍មុនបានទទួលស្គាល់ពីស្ថានភាពនៃការចោទប្រកាន់លើ Antony ប៉ុន្តែមិនបានបញ្ជាក់ថា ក្លឹបនឹងហាមឃាត់កីឡាកររូបនេះមិនឲ្យចូលរួមប្រកួតក្នុងអំឡុងពេលស៊ើបអង្កេតនោះឡើយ។ ទោះជាយ៉ាងណា ពេលនេះស្ថានការណ៍បានផ្លាស់ប្តូរហើយ ដោយក្លឹបម្ចាស់ជើងឯករបស់អង់គ្លេស 20 សម័យមួយនេះ បានលើកឡើងថា ខ្សែប្រយុទ្ធ Antony នឹងពន្យាពេលនៃវិលត្រឡប់មកលើទីលានប្រកួតវិញ រហូតដល់ពេលវេលាមួយជាក់លាក់ ដែលការចោទប្រកាន់នោះត្រូវបានដោះស្រាយ។
ប្រភព: Sportsmole