បាល់ទាត់អន្តរជាតិ
Man United ដាក់តម្លៃលក់ Antony ខាតដើមពាក់កណ្ដាល
ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា បានកំណត់តម្លៃ 43 លានផោន សម្រាប់ការលក់ខ្សែប្រយុទ្ធស្លាប Antony នៅក្នុងទីផ្សារដោះដូរកីឡាករនារដូវក្តៅខាងមុខ។ កីឡាករវ័យ 23 ឆ្នាំរូបនេះបានផ្ទេរមក Old Trafford ពីក្លឹប AFC Ajax កំឡុងរដូវក្តៅឆ្នាំ 2022 ក្នុងកិច្ចព្រមព្រៀងតម្លៃ 86 លានផោន។
ទោះជាយ៉ាងណាក៏ដោយ Antony បានបរាជ័យក្នុងការរួមចំណែក រឺកសាងកេរ្តិ៍ឈ្មោះរបស់ខ្លួនក្នុងរយៈពេល 18 ខែកន្លងមកនេះ។ តារាឆ្នើមសញ្ជាតិប្រេស៊ីលរូបនេះ មិនមានទម្រង់លេងដូចពេលនៅអតីតក្លឹបចាស់ឡើយ ហើយចាប់តាំងពីចូលរួមជាមួយបិសាចក្រហមមក គាត់រួមចំណែកស៊ុតបញ្ចូលទីបានត្រឹមតែ 9 គ្រាប់ប៉ុណ្ណោះ ក្នុងការបង្ហាញខ្លួន 69 ប្រកួត។
នៅរដូវកាលនេះ Antony មិនទាន់មានស្ថិតិស៊ុតបញ្ចូលទី រឺ Assists អ្វីឡើយ ក្នុងការប្រកួតក្របខ័ណ្ឌ Premier League ដែលគាត់បានចូលលេងចំនួន 19 ប្រកួត។ ជាលទ្ធផលយោងតាមរបាយការណ៍ពី Fichajes បានឲ្យដឹងថា ពេលនេះក្លឹបបិសាចក្រហម Manchester United មានគោលជំហរច្បាស់លាស់ហើយក្នុងការលក់ Antony ចេញនៅមុនរដូវកាលថ្មីឆ្នាំ 2024-2025 ចាប់ផ្ដើម បើទោះបីជាតម្លៃខ្លួនគេធ្លាក់ចុះខ្លាំង និងធ្វើឲ្យបិសាចក្រហមខាតបង់លុយរហូតដល់ពាក់កណ្ដាលនៃថ្លៃដើមក៏ដោយ។
ប្រភព: Sportsmole