បាល់ទាត់អន្តរជាតិ
អតីតខ្សែបម្រើមួយរូបរបស់ Barcelona ជឿជាក់ថា Ansu Fati នៅតែអាចមានឱកាសឈ្នះ Ballon d’Or នាពេលអនាគត

អតីតខ្សែបម្រើរបស់ក្លឹប Barcelona គឺកីឡាករ Andrea Orlandi ជឿជាក់ថា ខ្សែប្រយុទ្ធស្លាប Ansu Fati ដែលបច្ចុប្បន្នកំពុងប្រកបអាជីពជាមួយក្លឹប Brighton នៅតែមានឱកាសឈ្នះ Ballon d’Or នាពេលអនាគតខាងមុខ បើទោះបីជាគាត់មានទម្រង់លេងធ្លាក់ចុះមួយរយៈពេលចុងក្រោយនេះក៏ដោយ។
ថ្មីៗនេះ Ansu Fati បានចូលរួមជាមួយក្លឹប Brighton ដោយផ្ទេរពី Barcelona ក្នុងលក្ខខណ្ឌខ្ចីជើង។ គ្រប់គ្នាបានមើលឃើញថា Ansu Fati កាន់តែដើរទៅចំណុចថយក្រោយ និងមិនអាចធ្វើឲ្យខ្លួនគេក្លាយជាកីឡាករឆ្នើមនាពេលអនាគតឡើយ។ ផ្ទុយមកវិញ Andrea Orlandi មានអារម្មណ៍ខុសពីនេះ ដោយគាត់បានគិតថា កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះនឹងរីកចម្រើន ក្រោមការដឹកនាំរបស់គ្រូបង្វឹកក្លឹប Brighton លោក Roberto De Zerbi។
Andrea Orlandi បាននិយាយកាលពីពេលថ្មីៗនេះថា៖ “Roberto De Zerbi គឺជាគ្រូបង្វឹកដ៏អស្ចារ្យម្នាក់នាពេលបច្ចុប្បន្ននេះ។ គាត់ចូលចិត្តបណ្ដុះបណ្ដាលកីឡាករវ័យក្មេង ដែលមានទេពកោសល្យ ហើយខ្ញុំប្រាកដណាស់ថា គាត់នឹងធ្វើនូវអ្វីដែលល្អបំផុតសម្រាប់ Ansu Fati ដើម្បីនាំគាត់ឲ្យត្រឡប់ទៅកម្រិតខ្ពស់មួយដែលគាត់ធ្លាប់មានកាលពីមុន ពោលគឺជាកីឡាករកំពូល និងជាអ្នកដែលអាចឈ្នះ Ballon d’Or នាពេលអនាគត”។
ប្រភព: Dailypost NG