Connect with us

បាល់ទាត់អន្តរជាតិ

ផ្លូវការណ៍៖ Barcelona ប្រកាស​ពី​ការ​បន្ត​កុងត្រា​ថ្មី​ដល់ Xavi Hernandez

Published

on

ក្លឹប​អ្នក​មាន​បុណ្យ Barcelona កាល​ពី​ប៉ុន្មាន​ម៉ោង​មុន​នេះ បាន​ប្រកាស​ថា គ្រូបង្វឹក​របស់​ពួក​គេ​លោក Xavi Hernandez បាន​ចុះ​ហត្ថលេខា​លើ​ការ​បន្ត​កុងត្រា​ថ្មី​បន្ថែម​លើ​កុងត្រា​បច្ចុប្បន្ន​របស់​គាត់​នៅ Camp Nou ដែល​មាន​សុពលភាព​រហូតដល់​ខែ​មិថុនា ឆ្នាំ 2025។

គ្រូ​បង្វឹក​វ័យ 43 ឆ្នាំ​រូបនេះ​ក៏​បាន​បង្ហើប​ដោយ​ផ្ទាល់​ផង​ដែរ នៅ​មុន​ពេល​នៃ​ការ​ប្រកាស​របស់​ក្លឹប។ មិន​យូរ​ប៉ុន្មាន ពេល​នេះ Barcelona បាន​បញ្ជាក់​ជា​ផ្លូវការណ៍​ហើយ​ថា Xavi Hernandez បាន​ចុះ​កុងត្រា​ថ្មី​ជាមួយ​ក្លឹប រហូត​ដល់​ចុង​បញ្ចប់​នៃ​រដូវកាល 2024-2025 ជាមួយ​នឹង​ជម្រើស​បន្ថែម 1 ឆ្នាំ​ពី​លើ​នោះ​ទៀត​​ផង​ដែរ។

គួរ​រំលឹក​ផង​ដែរ​ថា Xavi Hernandez ដែល​ជា​អតីត​កីឡាករ​ឆ្នើម​មួយ​រូប​របស់​ក្លឹប​យក្ស​កាតាឡាន់ បាន​វិល​មក Barcelona វិញ​ក្នុង​នាម​ជា​គ្រូ​បង្វឹក កាល​ពី​ខែវិច្ឆិកា ឆ្នាំ 2021 ហើយ​គាត់​បាន​ដឹកនាំ​ក្រុម​ឲ្យ​ឈ្នះ​បាន 60 ប្រកួត ក្នុង​ចំណោម​ប្រកួត​សរុប 96 លើក ដោយ​មាន​ស្មើ 17 ប្រកួត និង​ចាញ់ 19 ប្រកួត។

Xavi Hernandez បាន​ស្រោចស្រង់​ក្លឹប​ដែល​ធ្លាក់​ក្នុង​ស្ថានភាព​ដ៏​លំបាក ឲ្យ​ត្រឡប់​មក​ភាព​ល្អ​ប្រសើរ​វិញ ដោយ​មាន​ទាំង​ការ​ឈ្នះពាន La Liga និង Spanish Super Cup កាល​ពី​រដូវកាល​មុន​ផង​ដែរ។ ទោះ​ជា​យ៉ាង​ណា ក្រោម​ការ​ដឹកនាំ​របស់​បុរស​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ Barcelona មិន​ធ្លាប់​ឡើង​ផុត​វគ្គ​ចែកពូល​នៃ​ពាន​រង្វាន់ UEFA Champions League នៅ​ឡើយ​ទេ ហើយ​អ្នកគាំទ្រ​សង្ឃឹម​ថា រដូវកាល​នេះ​ក្លឹប​របស់​ពួក​គេ​នឹង​អាច​លេច​ធ្លោរ​ខ្លាំង​នៅ UCL បន្ទាប់​ពី​មាន​កីឡាករ​ចំណូល​ថ្មី​ល្អៗ​ជា​ច្រើន​បាន​មក​ដល់​ទឹកដី Camp Nou។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២