Connect with us

បាល់ទាត់អន្តរជាតិ

Victor Osimhen អាច​នឹង​ចាកចេញ​ទៅ​​អារ៉ាប៊ីសាអូឌីត ក្រោយ​មាន​រឿង​ល្អក់​កករ​ជាមួយ​ក្លឹប

Published

on

ក្រុម​មក​ពី Saudi Pro League ត្រូវ​បាន​គេរាយការណ៍​ថា នឹង​ព្យាយាម​ធ្វើ​ការ​ដេញ​ថ្លៃ ដើម្បី​ចុះ​ហត្ថលេខា​លើ​​ខ្សែប្រយុទ្ធ Victor Osimhen របស់ Napoli នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ។ បច្ចុប្បន្ន​កីឡាករ​សញ្ជាតិ​នីហ្សេរីយ៉ា​រូប​នេះ គឺ​ជា​តួអង្គ​ឯក​សម្រាប់ Napoli ហើយ​កាល​ពី​រដូវកាល​មុន គាត់​ជា​ចំណែក​មួយ​ដ៏​សំខាន់​នៅ​ក្នុង​ការ​ឈ្នះពាន Serie A របស់​ពួក​គេ​ផង​ដែរ។

ឆ្នាំ​មុន​នៅ​ក្របខណ្ឌ Serie A របស់​អ៊ីតាលី Victor Osimhen ស៊ុត​គ្រាប់បាល់​បញ្ចូល​ទី​បាន 26 គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន 32 ប្រកួត។ ពេល​នេះ​គាត់​មាន​គ្រាប់​បាល់​សរុប 59 គ្រាប់ សម្រាប់​ជីវិត​បាល់ទាត់​រយៈពេល 3 រដូវកាល​​ជាមួយ​ក្លឹប Napoli។

ជាមួយ​នឹង​ភាព​លេច​ធ្លោរ​នេះ Osimhen ត្រូវ​បាន​ផ្សារភ្ជាប់​យ៉ាង​ខ្លាំង​ជាមួយ​នឹង​ការ​ចាកចេញ​ទៅ​ក្លឹប​ផ្សេង កាល​ពី​រដូវ​ក្ដៅ​កន្លង​ទៅ ប៉ុន្តែ​អ្វីៗ​មិន​បាន​កើត​ឡើង​ឡើយ ហើយ​ពាក្យ​ចចាម​អារ៉ាម​ក៏​ស្ងប់ស្ងាត់​ទៅ​វិញ​ដែរ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ថ្មីៗ​នេះ​មាន​រឿងរ៉ាវ​រកាំរកូស​មួយ​បាន​កើត​ឡើង ដោយ Osimhen ចង់​ប្ដឹងក្លឹប​របស់​ខ្លួន ដែល​បង្ហោះ​វីដេអូ​សើច​ចំអក​គាត់​នៅ​លើ TikTok។

ទង្វើ​របស់ Napoli បាន​បង្ហាញ​ពី​ការ​មិន​គោរព និង​មិន​ឲ្យ​តម្លៃ​ដល់ Victor Osimhen ខណៈ​ដែល​គេ​ជា​កីឡាករ​ឆ្នើម​មួយ​រូប​របស់​ក្លឹប។ ថ្វីត្បិត​តែ​ពេល​នេះ វីដេអូ​នោះ​ត្រូវ​បាន​លុប​ចោល​វិញ​ហើយ​ក៏​ដោយ Osimhen មិន​សប្បាយ​ចិត្ត​នឹង​អ្វី​ដែល​បាន​កើត​ឡើង​ឡើយ ហើយ​គាត់​ក៏​កំពុង​ស្វែងរក​ច្រក​ចេញ​ពី​ក្លឹប​នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ​ផង​ដែរ។ ទន្ទឹម​នឹង​នេះ យោងតាម​កាសែត Daily Mail បាន​ឲ្យ​ដឹង​ថា ក្លឹប​អារ៉ាប៊ីសាអូឌីត​នឹង​ក្លាយ​ជា​បេក្ខភាព​នាំ​មុខ​គេ ក្នុង​ការ​ចុះ​ហត្ថលេខា​លើ​ខ្សែប្រយុទ្ធ​ឆ្នើម​រូប​នេះ ប្រសិន​បើ​គេ​ចាកចេញ​ពី Napoli។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២