Connect with us

បាល់ទាត់អន្តរជាតិ

Man City នឹង​ទទួល​បាន​ប្រាក់ 10% ប្រសិន​បើ Bayern Munich លក់ Leroy Sane

Published

on

ក្លឹប​មេឃខៀវ Manchester City ត្រូវ​បាន​គេ​រាយការណ៍​ថា អាច​ទទួល​បាន​ប្រាក់​​លើស​ពី 8 លានផោន ប្រសិន​បើ​ខ្សែប្រយុទ្ធ​ស្លាប Leroy Sane សម្រេច​ចិត្ត​ចាកចេញ​ពី​ក្លឹប​បច្ចុប្បន្ន​របស់​ខ្លួន Bayern Munich។ យ៉ាង​ណា​មិញ ខ្សែប្រយុទ្ធ​សញ្ជាតិ​អាឡឺម៉ង់​រូប​នេះ កំពុង​ត្រូវ​បាន​ផ្សារភ្ជាប់​ជាមួយ​នឹង​ការ​ចាកចេញ​ទៅ​ចូលរួម​ជាមួយ​ហង្សក្រហម Liverpool នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ។

ដោយ​ឡែក Leroy Sane បាន​ចំណាយ​ពេល 4 ឆ្នាំ​ដ៏​អស្ចារ្យ​របស់​ខ្លួន​ជាមួយ​ក្លឹប​យក្ស​របស់​អង់គ្លេស Manchester City ចន្លោះ​ពី​ឆ្នាំ 2016 ដល់ 2020 ដោយ​បាន​រួមចំណែក​ជាមួយ​នឹង​ការ​ស៊ុត​បញ្ចូលទី​បាន 39 គ្រាប់ និង 46 Assists ក្នុង​ការ​បង្ហាញ​ខ្លួន 135 ប្រកួត ដោយ​ឈ្នះ​ពាន​រង្វាន់​បាន​ចំនួន 8 ក្នុង​នោះ​មាន​​ពាន Premier League ចំនួន 2 ផង​ដែរ។

Leroy Sane បាន​សម្រេច​ចិត្ត​ត្រឡប់​ទៅ​ស្រុកកំណើត​របស់​គាត់​វិញ ដោយ​ចូលរួម​ជាមួយ Bayern Munich នៅ​រដូវក្ដៅ​ឆ្នាំ 2020។ គិត​មក​ទល់​នឹង​ពេល​នេះ គាត់​បាន​លេង​ឲ្យ​ក្លឹប​បច្ចុប្បន្ន​របស់​ខ្លួន 3 រដូវកាល​មក​ហើយ ក្នុង​នាម​ជា​កីឡាករ​ដ៏​សំខាន់​របស់​ក្លឹប។

កីឡាករ​វ័យ 27 ឆ្នាំ​រូប​នេះ ស្ថិត​ក្រោម​កុងត្រា​ជាមួយ Bayern Munich រហូត​ដល់​រដូវក្តៅ​ឆ្នាំ 2025 ប៉ុន្តែ​ថ្មីៗ​នេះ គាត់​កំពុង​ទទួល​បាន​ការ​ចាប់អារម្មណ៍​ពី​ក្លឹប​ហង្សក្រហម Liverpool។ ក្រុម​របស់​លោក Jurgen Klopp ត្រូវ​បាន​គេ​ដឹង​ថា នឹង​ចុះ​ហត្ថលេខា​ផ្ទេរ Leroy Sane នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ​ដើម្បី​ជំនួស Salah ដែល​ត្រៀម​ចាកចេញ​ទៅ​មជ្ឈិម​បូព៌ា។

ពាក់​ព័ន្ធ​នឹង​រឿង​នេះ​ដែរ កាសែត Manchester Evening News បាន​ឲ្យ​ដឹង​ថា ប្រសិនបើ Liverpool ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ផ្ទេរ Leroy Sane នោះ Man City នឹង​ទទួល​បាន​ប្រាក់ 10% ពី​ការ​លក់​កីឡាករ​រូប​នេះ ដោយ​សារ​នៅ​ក្នុង​កិច្ចព្រមព្រៀង​ដែល​ពួក​គេ​បាន​និយាយ​គ្នា​ជាមួយ Bayern Munich ពី​មុន​​មក។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២